ជាតិ
សង្គមជាតិ
បិទផ្សារកណ្តាល២សប្តាហ៍ ក្រោយពីមានអាជីករ និងពលរដ្ឋឆ្លងជំងឺកូវីដ-១៩
20, Apr 2021 , 10:39 am        
រូបភាព
ផ្សារកណ្តាល រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ
ផ្សារកណ្តាល រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ
ដោយ:
ភ្នំពេញ៖ អាជ្ញាធរបានសម្រេចបិទផ្សារកណ្តាល រយៈពេល១៤ថ្ងៃ ក្រោយពីមានអាជីវករ និងពលរដ្ឋមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ នៅទីនោះ។ នេះតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ។

 
 
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញនៅថ្ងៃទី២០ ខែមេសាបានផ្សាយថា អាជ្ញាធរនឹងបិទផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា។ ការបិទផ្សារនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។  
 
ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ កាន់តែរាលដាលកាន់តែខ្លាំងឡើង លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអំពាវនាវដល់ពលរដ្ឋ  អាជីវករ សន្តិសុខ បុគ្គលិក កម្មកររបម្រើនៅក្នុងផ្សារ និងក្រុមគ្រួសារដែលពាក់ព័ន្ធនឹងអាជីវករខាងលើ ចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា សូមទៅធ្វើតេស្តជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ។ 
 
អភិបាលខណ្ឌដូនពេញ បានសង្កត់ធ្ងន់ថា បើកាលណាពលរដ្ឋដែលពាក់ព័ន្ធមិនព្រមធ្វើសំណាក ហើយអាជ្ញាធរពិនិត្យឃើញថាមានវិជ្ជមានកូវីដ-១៩ នោះពួកគេនឹងមិនអនុញ្ញាតឲ្យចូលប្រកបមុខរបរក្នុងផ្សារកណ្តាលទៀតឡើយ។ 
 
បច្ចុប្បន្នផ្សារធំៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារចាស់ ផ្សារដើមគរ ផ្សារនាគមាស ផ្សារធំទួលសង្កែ ផ្សារបឹងត្របែកផ្លាហ្សា ផ្សារសិនជូរីផ្លាហ្សា រួមទាំងផ្សារមួយចំនួនទៀតនៅបណ្តាខេត្ត និងទីតាំងជាច្រើនទៀត ដែលបានផ្ទុះជំងឺកូវីដ-១៩ ត្រូវបានបិទជាបណ្តោះអាសន្ន ៕ 
 
 
 

Tag:
 ផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com