អន្តរជាតិ
អឺរ៉ុប ដាក់ទណ្ឌកម្មមន្រ្តីយោធាមីយ៉ាន់ម៉ា១០នាក់ទៀត និងក្រុមហ៊ុនយោធាពីរ
20, Apr 2021 , 11:09 am        
រូបភាព
រូបថត AFP
រូបថត AFP
សហភាពអឺរ៉ុប នៅថ្ងៃទី១៩ ខែមេសា បានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីយោធាចំនួន ១០រូបបន្ថែមទៀត និងក្រុមហ៊ុនចំនួនពីរ ដែលពាក់ព័ន្ធជាមួយយោធា។ បើតាមអឺរ៉ុប ការដាក់ទណ្ឌកម្មនេះ ជាការឆ្លើយតបនឹងរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ និងការបង្រ្កាបយ៉ាងឃោរឃៅលើក្រុមបាតុករ។


 
នេះ ជាទណ្ឌកម្មលើកទីពីរហើយរបស់សហភាពអឺរ៉ុប មកលើរបបសឹកមីយ៉ាន់ម៉ា។ ក្នុងចំណាត់ការចុងក្រោយនេះ អឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្រ្តីយោធាមីយ៉ាន់ម៉ាចំនួន១០រូប ដែលក្នុងនោះភាគច្រើនជាសមាជិកក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាដែលដឹកនាំប្រទេស និងក្រុមហ៊ុនចំនួនពីរកាន់កាប់ដោយយោធា។ 
 
ក្រុមហ៊ុនទាំងពីរនោះ មានដូចជា ក្រុមហ៊ុន Myanma Economic Holdings Public និង Myanmar Economic Corp ដែលរកស៊ីបារី ស្រា និងសម្ភារប្រើប្រាស់ផ្សេងទៀត។ ក្រុមហ៊ុនទាំងពីរនេះ ក៏ស្ថិតក្នុងបញ្ជីខ្មៅរបស់អង់គ្លេស និងអាមេរិកផងដែរ។ ក្រោមទណ្ឌកម្មនេះ អឺរ៉ុប ហាមប្រជាជនខ្លួនរកស៊ីជាមួយក្រុមហ៊ុនទាំងពីរខាងលើ។ 
 
ចំណែកមន្រ្តីយោធាទាំង ១០រូបវិញ អឺរ៉ុបនឹងបញ្ចេញជាសាធារណៈ នៅពេលទណ្ឌកម្មចូលជាធរមាន។ ទណ្ឌកម្មខាងលើ នឹងបង្កកទ្រព្យសម្បត្តិបុគ្គល និងហាមឃាត់ការធ្វើដំណើរទៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដាក់ចេញនៅថ្ងៃទី១៩ ខែមេសា ក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងយ៉ាងដូច្នេះថា៖ « សេចក្តីសម្រេចថ្ងៃនេះ គឺជាបង្ហាញពីការរួបរួមអឺរ៉ុប និងប្តេជ្ញាក្នុងការរិះគន់សកម្មភាពដ៏ឃោរឃៅរបស់ក្រុមយោធា»។ បើតាមអឺរ៉ុប គោលបំណងរបស់ខ្លួន គឺចង់ផ្លាស់ប្តូរកាយវិការរបបសឹក និងនាំមេដឹកនាំយោធាចូលមកតុចរចា។ 
 
ស្របគ្នាដែរ ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell បានសរសេរលើបណ្តាញសង្គម Twitter របស់ខ្លួនថា ទណ្ឌកម្មអឺរ៉ុប គឺជាលទ្ធផលនៃការបង្រ្កាបលើក្រុមបាតុករមីយ៉ាន់ម៉ា។ 
 
ទោះទណ្ឌកម្មបានធ្លាក់ពីសហគមន៍អន្តរជាតិ មកលើក្រុមយោធាជាហូរហែក្តី ប៉ុន្តែរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មិនបានបន្ថយសកម្មភាពរបស់ខ្លួន ក្នុងការបង្រ្កាបការតវ៉ានៅក្នុងប្រទេសឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ការបង្រ្កាបនោះ បានធ្វើមនុស្សជាង ៧០០នាក់ បាត់បង់ជីវិតថែមទៀត ខណៈមនុស្សជាច្រើនពាន់នាក់នៅតែបន្តជាប់ឃុំ រួមទាំងអ្នកសារព័ត៌មាន និងអ្នកនយោបាយផងដែរ៕ 
 

Tag:
 អឺរ៉ុប
  មីយ៉ាន់ម៉ា
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com