COVID-19
ជាតិ
សុខភាព
កំពង់ចាម រកឃើញមនុស្ស៤នាក់ទៀតឆ្លងកូវីដ-១៩ ដោយមាន២នាក់ ជាកម្មកររោងចក្រមកពីភ្នំពេញ
20, Apr 2021 , 1:59 pm        
រូបភាព
មន្តី្រជំនាញរបស់ក្រសួងសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មេរោគកូរ៉ូណា នៅទីតាំងមួយកន្លែង ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១៧មេសា ឆ្នាំ២០២១។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
មន្តី្រជំនាញរបស់ក្រសួងសុខាភិបាលកំពុងបាញ់ថ្នាំសម្លាប់មេរោគកូរ៉ូណា នៅទីតាំងមួយកន្លែង ក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១៧មេសា ឆ្នាំ២០២១។ រូបថត រដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញមនុស្សចំនួន៤នាក់ទៀត បានឆ្លងកូវីដ-១៩(COVID-19)នាព្រឹកថ្ងៃទី២០មេសានេះ ។ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៤នាក់ នោះ មាន២នាក់ ជាកម្មកររោងចក្រ មកពីរាជធានីភ្នំពេញ និង២នាក់ទៀត ជាអ្នកនៅរស់នៅក្នុងភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ តែម្តង។  រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កម្មកររោងចក្រ២នាក់ ដែលវិជ្ជមានកូវីដ-១៩នេះ ជាកម្មការិនីរោងចក្រ GDM(លូ៥) និងម្នាក់ទៀតជាកម្មកររោងចក្រ នៅក្នុងសង្កាត់ចោមចៅ។

 
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កម្មកររោងចក្រនោះ មានឈ្មោះ ស៊ុយ វ៉ាន់ណៃ ភេទប្រុស អាយុ២៥ឆ្នាំ បានមកដល់ស្រុកកំណើត នៅភូមិថ្នល់បំបែកខាងកើត ឃុំស្វាយទាប ស្រុកចម្ការលើ នាថ្ងៃទី១១មេសា ឆ្នាំ២០២១។ 
 
រីឯ កម្មការិនីមកពីរោងចក្រGDM ដែលបានឆ្លងកូវីដ-១៩ដែរនោះ មានឈ្មោះ ឃាង សុខណា អាយុ២៧ឆ្នាំ បានធ្វើដំណើរពីភ្នំពេញ មកដល់ស្រុកកំណើត នៅថ្ងៃទី១២មេសា។ ដោយឡែកអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ដែលជាម្តាយនិងកូនស្រី មានឈ្មោះហួរ ណាវ អាយុ២៦ឆ្នាំ និងកូន ឈ្មោះ សៅ គឹមហ័រ អាយុ៧ឆ្នាំ។ អ្នកជំងឺកូវីដ-១៩ ដែលមានអាសយដ្ឋានភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ បានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ភ្លាមៗក្រោយរកឃើញវិជ្ជមានកូវីដ-១៩។ 
 
អាជ្ញាធរបានឃើញអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ទាំង៤នាក់ ប្រមាណ២០នាក់  ។អាជ្ញាធរ ក៏កំពុងបន្តស្រាវជ្រាវរកព័ន្ធពាន់ដោយផ្ទាល់ និងដោយប្រយោលផ្សេងទៀត ដើម្បីធ្វើចត្តាឡីស័ក និងធ្វើតេស្តរកកូវីដ-១៩។
 
គិតត្រឹមថ្ងៃទី១៩មេសា ឆ្នាំ២០២១ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មានអ្នកជំងឺកូវីដ-១៩ សរុប៩នាក់(ស្រី៦នាក់) កំពុងសម្រាកព្យាបាល។ មកដល់ពេលនេះកម្ពុជា មានឆ្លងកូវីដ-១៩ រហូតដល់ ៧,០១៣នាក់ ដោយនៅក្នុងនោះ មាន៦,៤៧០នាក់ ជាអ្នកឆ្លងពីព្រឹត្តិការណ៍២០កុម្ភៈ។  កម្ពុជា មានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន២,៥២៤នាក់ ខណៈមាន៤៩នាក់ បានបាត់បង់ជីវិត ដោយសារជំងឺនេះ៕ 
 

Tag:
 COVID-19
  រោងចក្រ
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com