COVID-19
ជាតិ
មនុស្ស ៤៦នាក់ មានពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលវិជ្ជមានកូវីដ-១៩ នៅត្បូងឃ្មុំ
20, Apr 2021 , 2:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលខេត្តត្បូងឃ្មុំ
រូបភាពពីហ្វេសប៊ុកផេក រដ្ឋបាលខេត្តត្បូងឃ្មុំ
ដោយ៖ ស៊ុល រ៉វី
 
ស្ត្រីខ្មែរម្នាក់ អាយុ ២៧ឆ្នាំ ទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៩មេសា។ ស្ត្រីរូបនេះ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាបុគ្គលិកកាស៊ីណូ ក្នុងខេត្តព្រះសីហនុ។ មកទល់ពេលនេះ អាជ្ញាធរបានរកឃើញមនុស្ស៤៦នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺរូបនេះ។


រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែមេសា បានប្រកាសរកឃើញស្ត្រីខ្មែរម្នាក់ វិជ្ជមានកូវីដ-១៩។ អ្នកជំងឺរូបនេះ អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានមុខរបរជាបុគ្គលិកកាស៊ីណូ ក្នុងខេត្តព្រះសីហនុ។
 
បច្ចុប្បន្នស្ត្រីនោះ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ត្រីដែលមានវិជ្ជមានកូវីដ-១៩រូបនេះ និងប្ដី បានជិះម៉ូតូ ពីខេត្តព្រះសីហនុ នៅថ្ងៃទី ២មេសា និងបានចូលយកកូននៅផ្ទះម្ដាយក្មេក នៅអ្នកលឿង ខេត្តព្រៃវែង និងបានសម្រាកនៅទីនោះ ចំនួន២យប់ផងដែរ។ បន្ទាប់មក នៅថ្ងៃទី ៤មេសា គ្រួសារនេះ បានចេញពីអ្នកលឿង ទៅផ្ទះឪពុកបង្កើត ដែលស្ថិតនៅក្នុងភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្ត្រីរូបនេះ បានតេស្តសំណាក នៅថ្ងៃទី១៦ មេសា និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ១៩ ខែមេសា។ 
 
បច្ចុប្បន្ន រដ្ឋបាលខេត្តត្បូងឃ្មុំ បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីរូបនេះ ចំនួន៤៦នាក់ ហើយអាជ្ញាធរ ក៏កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ឆ្លងរាលដាលនៅក្នុងសហគមន៍។ ទន្ទឹមនឹង រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវឲ្យអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺ ឬធ្លាប់ទៅកាន់ទីតាំងដែលអ្នកជំងឺស្នាក់នៅ រួសរាន់ទៅពិនិត្យសុខភាពតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ប្រសិនបើមានរោគសញ្ញាផ្សេងៗ នៃជំងឺឆ្លងកូវីដ-១៩ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៩៨៣ ៦៣៩ / ០៩៧ ៦៤៧ ៧៧៣៧ / ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨៩៨ ដើម្បីក្រុមការងារ ចាត់វិធានការយកសំណាក។ 
 
គិតត្រឹមថ្ងៃទី១៩ ខែមេសា កម្ពុជាមានករណីវិជ្ជមានកូវីដ-១៩សរុបចំនួន ៧,០១៣ករណី ក្នុងនោះ ៦,៤៧០នាក់ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយចំនួន ៦,៤៧០នាក់ និងស្លាប់ ៤៩នាក់ ខណៈ ១,៩៨២នាក់ កំពុងរង់ចំាបញ្ជូនទៅព្យាបាល៕
 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
  ត្បូងឃ្មុំ
 
© រក្សាសិទ្ធិដោយ thmeythmey.com