អន្តរជាតិ
អាមេរិកថា កម្លាំងទ័ពរុស្ស៊ីនៅព្រំដែនអ៊ុយក្រែនមានច្រើនជាងពេលដណ្តើមគ្រីមៀទៅទៀត
20, Apr 2021 , 8:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jonh Kirby។ រូបភាព៖ AP
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jonh Kirby។ រូបភាព៖ AP
រុស្ស៊ី បានបង្កើនកម្លាំងយោធានៅតាមព្រំដែនជាមួយអ៊ុយក្រែននៅពេលបច្ចុប្បន្ន ដែលច្រើនជាងពេលរុស្ស៊ីក្រសោបយកទឹកដីគ្រីមៀកាលពីឆ្នាំ២០១៤ ទៅទៀត។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៩ ខែមេសា។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះ មិនបានបញ្ជាក់ពីតួលេខច្បាស់លាស់ឡើយ។

 
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបញ្ជូនយោធាក្នុងទ្រង់ទ្រាយធំទៅតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួន ស្របពេលភាពតានតឹងកើនឡើងរវាងរដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែន។ ការបញ្ជូនកម្លាំងយោធាទៅតំបន់ព្រំដែននេះ ត្រូវបានអាមេរិកអះអាងថា ជារឿងគួរព្រួយបារម្ភយ៉ាងខ្លាំង។ 
 
«វាជាការបង្កើនកម្លាំងយោធាយ៉ាងធំបំផុត ដែលយើងមិនធ្លាប់ឃើញតាំងពីឆ្នាំ២០១៤ មក»។ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ទំហំយោធារបស់ក្រុងមូស្គូនៅព្រំដែនជាមួយអ៊ុយក្រែន គឺពិតជាធំជាងកាលពីឆ្នាំ២០១៤ ដែលជាពេលរុស្ស៊ីដាក់ទឹកដីគ្រីមៀជាផ្នែកមួយរបស់ខ្លួន។ 
 
យ៉ាងណាមិញ លោក Kirby មិនបានបញ្ចេញតួលេខកម្លាំងទ័ពរុស្ស៊ី ដែលត្រូវបានបញ្ជូនទៅព្រំដែនអ៊ុយក្រែនឡើយ។  អាមេរិកនឹងបន្តតាមដានសកម្មភាពយោធារុស្ស៊ី។
 
កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានការពារការបញ្ជូនយោធាទៅតំបន់ព្រំដែនភាគខាងលិចរបស់ខ្លួនថា គ្រាន់តែជាសមយុទ្ធយោធាក្នុងបរិបទដែលក្រុងមូស្គូ រងការគំរាមកំហែងពីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តតែប៉ុណ្ណោះ។ បើតាមលោក Shoigu វត្តមានកងទ័ពនេះ នឹងបន្តយ៉ាងយូររយៈពេល ២សប្តាហ៍ទៀត។ 
 
ចំណែក ភាគីអឺរ៉ុប បានអះអាងថា ចំនួនកងទ័ពរុស្ស៊ីមានរហូតដល់ច្រើនជាង ១០ម៉ឺននាក់។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃទី១៩ ខែមេសា បន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេសរដ្ឋសមាជិកអឺរ៉ុប លោក Josep Borrell ប្រធានគោលនយោបាយការបរទេសអឺរ៉ុប បានអះអាងថា រុស្ស៊ីបានបញ្ជូនកម្លាំងយោធាចំនួន ១៥ម៉ឺននាក់ មកតំបន់ព្រំដែនជាមួយអ៊ុយក្រែន។ ប៉ុន្តែមន្រ្តីលោក បានកែមកត្រឹមជាង ១០ម៉ឺននាក់វិញ។ ចំណែករដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានប៉ាន់ប្រមាណថា រុស្ស៊ីបញ្ជូនកម្លាំងទ័ពមកព្រំដែនចំនួនច្រើនជាង ១១ម៉ឺននាក់។ 
 
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៤ មក កងទ័ពអ៊ុយក្រែន តែងតែប្រយុទ្ធគ្នាជាមួយក្រុមផ្តាច់ទឹកដី ដែលមានរុស្ស៊ីនៅពីក្រោយ នៅតំបន់ព្រំដែនភាគខាងកើតរបស់ខ្លួន។ មនុស្សច្រើនជាង ១៤០០០ នាក់ បានបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នានេះ៕
 

Tag:
 រុស្ស៊ី
  អាមេរិក
  អ៊ុយក្រែន
  គ្រីមៀ
© រក្សាសិទ្ធិដោយ thmeythmey.com