កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Liverpool សុំចិត្តអ្នកគាំទ្រកុំបន្ទោសកីឡាករ ជុំវិញគម្រោង European Super League
20, Apr 2021 , 10:29 pm        
រូបភាព
លោក Juergen Klopp អ្នកចាត់ការទូទៅ Liverpool អះអាងថាលោក និងកូនក្រុមបានត្រឹមដឹងអំពីការចូលរួមរបស់ក្លិបនៅក្នុងផែនការបង្កើតពានរង្វាន់ថ្មី  European Super League តែប៉ុណ្ណោះ។  លោកសុំអង្វរឱ្យអ្នកគាំទ្រកុំខឹង និងបន្ទោសកីឡាករអី ព្រោះពួកគេមិនមែនអ្នកសម្រេចឡើយ។



លោក Klopp ខ្លួនឯងក៏បាននិយាយប្រឆាំងនឹងគម្រោងបង្កើត ESL នេះដែរ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថាគំនិតរបស់លោកមិនមានការផ្លាស់ប្តូរទេចាប់តាំងពីឆ្នាំ២០១៩ ពោលគឺមិនចង់ឃើញពានថ្មីនេះឡើយ។
 
«ខ្ញុំបានលឺអំពីរឿងនេះកាលពីម្សិលមិញ។ យើងទទួលបានព័ត៌មានខ្លះមិនច្រើនទេ ដែលភាគច្រើនដឹងតាមកាសែត ឬការចុះផ្សាយផ្សេងៗ។ វាពិតជាលំបាកណាស់ អ្នកគាំទ្រមិនសប្បាយចិត្តនឹងរឿងនោះទេខ្ញុំអាចយល់បាន ប៉ុន្តែខ្ញុំមិនអាចនិយាយច្រើនពីបញ្ហានេះទេពីព្រោះយើងមិនបានចូលរួមក្នុងដំណើរការនេះឡើយ។ មិនមែនកីឡាករ មិនមែនខ្ញុំ យើងមិនបានដឹងអំពីរឿងនេះទេ»។ លោក Klopp និយាយដូច្នេះក្រោយការប្រកួតដែល Liverpool ស្មើជាមួយ Leeds United ១-១ នៅរាត្រីថ្ងៃទី១៩ ខែមេសា។


 
ក្លិបយក្សនៅអឺរ៉ុចំនួន១២ ដែលក្នុងនោះមានក្លិបដល់ទៅ៦ នៅ Premier League បានប្រកាសចូលរួមក្នុងការប្រកួត Super League បើទោះពានថ្មីនេះ ទទួលលការិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ និងស្ថាប័នពាក់ព័ន្ធនឹងវិស័យនេះជាច្រើនទៀត។ ក្លិបទាំង១២ រួមមាន Liverpool, Manchester United, Arsenal, Chelsea, Manchester City, Tottenham Hotspure, Real Madrid, Barcelona, Atletico Madrid, Juventus, Inter Milan និង AC Milan។
 
ក្រុមអ្នកគាំទ្រមិនពេញចិត្តនោះឡើយ ដែលក្លិបរបស់ពួកគេប្រកាសចូលរួមគម្រោងពានថ្មីនេះ។ បើតាមការផ្សាយរបស់កាសែត BBC អ្នកគាំទ្រហង្សក្រហមបានបើកការតវ៉ាដោយរារាំងរថយន្តដឹកកីឡាករ និងសរសេរបដាប្រឆាំង ESL បិទនឹងរបងកីឡដ្ឋានទៀតផង។
 
ជុំវិញករណីនេះ លោក Klopp បានស្នើអ្នកគាំទ្រខ្លួន និងអ្នកគាំទ្រដទៃទៀតកុំបន្ទោសកីឡាករ ពីព្រោះពួកគេមិនដឹងអីទេ ពួកគេដឹងត្រឹមថាធ្វើយ៉ាងម៉េចលេងឱ្យឈ្នះតែប៉ុណ្ណោះ។
មិនត្រឹមតែអ្នកគាំទ្រឡើយ សូម្បី James Milner អនុប្រធានក្រុម Liverpool ក៏បង្ហាញការមិនពេញចិត្តនឹងពានថ្មីនេះដែរ។ អតីតខ្សែបម្រើអង់គ្លេសរូបនេះ ថែមទាំងហ៊ានចេញមុខរិះគន់ ដោយអះអាងថា ESL នឹងធ្វើឱ្យច្របូកច្របល់ក្នុងវិស័យបាល់ទាត់ទៅថ្ងៃមុខ។
 
ត្រង់ចំណុចនេះ លោក Klopp យល់ឃើញថាការសម្រេចចិត្តរបស់ក្លិប គួរពឹងផ្អែកជាសំខាន់លើអ្នកគាំទ្រ និងកីឡាកររបស់ខ្លួន ដ្បិតពួកគេពិតជាសំខាន់ណាស់សម្រាប់ក្លិប។
បន្ថែមពីលើនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៥៧ឆ្នាំ ពិតជាពេញចិត្តសម្រាប់ការប្រកួតប្រជែង Champions League និង Europa League ដែលសុទ្ធសឹងជាពានដ៏អស្ចារ្យណាស់ទៅហើយ មិនចាំបាច់បង្កើតពានផ្សេងទៀត ហើយថែមទាំងទទួលការរិះគន់ខ្លាំងដូច្នេះឡើយ៕
 
 

Tag:
 Juergen Klopp
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com