COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ឱ្យ​អភិបាល​រាជធានី​ខេត្ត យកចិត្តទុកដាក់​លើ​ព្រះសង្ឃ​ដែល​អត្តខាត់​ដោយសារ​កូ​វីដ​-១៩
20, Apr 2021 , 8:55 pm        
រូបភាព
រូបភាពដោយ ព្រះភិក្ខុ ជិន ភិរម្យ ចៅអធិការស្ដីទីវត្តលម្អងបុទុម ដែលស្ថិតលើភ្នំបាយសី ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រូបភាពដោយ ព្រះភិក្ខុ ជិន ភិរម្យ ចៅអធិការស្ដីទីវត្តលម្អងបុទុម ដែលស្ថិតលើភ្នំបាយសី ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ដោយ:
​សម្ដេច ហ៊ុន សែន បាន​ប្រាប់​ឱ្យ​អភិបាល​រាជធានី ខេត្ត​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​វត្ត​អារាម និង​ព្រះសង្ឃ ដែល​អត្តខាត់ នៅ​អំឡុង​ពេ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ ដែលជា​តំបន់​បិទ​ខ្ទប់​។ នេះ​បើតាម​សារ​សំឡេង​របស់​សម្តេច ហ៊ុន សែន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី ២០​មេសា​នេះ​។


 
​ប្រមុខ​រដ្ឋាភិបាល បានស្នើ​យ៉ាង​ដូច្នេះ​៖ «​សុំឱ្យ​រាជធានី និង​ខេត្ត​យកចិត្តទុកដាក់​ទៅលើ​ព្រះសង្ឃ ដែល​ជួប​ការលំបាក ដែល​មិនអាច​ចេញ​បិណ្ឌ​បាត្រ​បាន​នៅតាម​ទីកន្លែង​ដែល​ត្រូវ​បិទ​ខ្ទប់​។ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ ដែល​ប្រជាជន​មិនអាច​ចេញ​ក្រៅ​បាន ហើយ​ព្រះសង្ឃ​ក៏​មិនអាច​បិណ្ឌ​បាត្រ​បាន​»​។​
 
​ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល​ក៏​អំពាវនាវ ឱ្យ​អភិបាលខេត្ត​នានា គិតគូរ​លើ​សមណ​សិស្ស ដែល​សិក្សា និង​អាស្រ័យ​នៅក្នុង​វត្ត ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​ខ្វះ​ស្បៀង ក្នុងដំណាក់កាល​កូ​វីដ​-១៩ នេះ​ផងដែរ​។ 
 
​គួរ​កត់សម្គាល់ថា កន្លងមក​មាន​វត្ត​មួយចំនួន នៅតាម​បណ្តា​ខេត្ត​អត្ត​ខាត​ចង្ហាន់​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​ផ្ទុះ​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បន្ត​រាលដាល​ដល់​ខេត្ត​ជាច្រើន​រួមមាន ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​។ 
 
​រយៈពេល ២​ខែ​មកនេះ មាន​មនុស្ស​ចំនួន ៦៨៩៩​នាក់ ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហើយ​មាន​អ្នកស្លាប់​ចំនួន ៤៩​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com