COVID-19
ជាតិ
បិទមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ និងតម្រូវឲ្យអាជីវករធ្វើតេស្តរកកូវីដ-១៩
21, Apr 2021 , 1:59 pm        
រូបភាព
រូបភាពពីគណនីហ្វេសប៊ុក Huy Bunleng News
រូបភាពពីគណនីហ្វេសប៊ុក Huy Bunleng News
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទបណ្ដោះអាសន្នអាជីវកម្មទាំងអស់ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ  ហៅផ្សារចិន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ ក្រៅពីបិទផ្សារ អាជ្ញាធរ ក៏តម្រូវឱ្យឲ្យអាជីវករតេស្តរកកូវីដ-១៩ ព្រមទាំងធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវផងដែរ។


សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបន្តថា ក្រុមគ្រូពេទ្យនឹងចុះយកសំណាកអាជីវករទាំងអស់នៅថ្ងៃទី ២០មេសា នៅបរិវេណផ្សារចិន។ ករណីអាជីវករមិនបានផ្តល់សំណាកនៅថ្ងៃទី២០មេសានេះ ត្រូវទៅផ្តល់សំណាក នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ រៀងរាល់ថ្ងៃ។
 
គួរកត់សម្គាល់ថា នេះជាផ្សារទី២ហើយនៅខេត្តព្រះសីហនុ ដែលត្រូវផ្អាកអាជីវកម្ម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ កាលពីចុងសប្តាហកន្លងទៅអាជ្ញាធរ បានបិទផ្សារលើ បណ្តោះអាសន្នដែរ ក្រោយរកឃើញថាអាជីវករមួយចំនួន មានវិជ្ជមានកូវីដ-១៩។ ហើយប៉ុន្មានថ្ងៃកន្លងមក អាជីវករនៅផ្សារលើ និងក្រុមគ្រួសារ ជាច្រើនរយនាក់ ត្រូវបានរកើឃើញថា មានវិជ្ជមានកូវីដ-១៩ផងដែរ។
 
មិនមែនមានផ្សារនៅក្នុងខេត្តព្រះសីហនុនោះឡើយដែលត្រូវបានបិទទ្វារដោយសារតែជំងឺកូវីដ-១៩។ កន្លងមកផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានអាជ្ញាធរបិទផងដែរ រួមមានផ្សារចាស់ ផ្សារកណ្តាល ផ្សារអូរឫស្សី ផ្សារនាគមាស ផ្សារដើមគ ផ្សារបឹងត្របែក ផ្សារធំទួលសង្កែ ផ្សារដេប៉ូ និងផ្សារមួយចំនួនទៀតក្នុងរាជធានី-ខេត្ត រួមទាំងបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីបង្ការជំងឺកូវីដ-១៩ផងដែរ។ នៅខេត្តសៀមរាប អាជ្ញាធរក៏បានបិទខ្ទប់សង្កាត់ចំនួន៣ ខណៈបាត់បងបានបិទផ្នែកខ្លះ នៃផ្សារចំនួន១០ នៅក្នុងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ៕
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
  មជ្ឈមណ្ឌលពាណិជ្ជកម្ម
 ផ្សារចិន
© រក្សាសិទ្ធិដោយ thmeythmey.com