COVID-19
ជាតិ
សុខភាព
អ្នកចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា កើនដល់ជាង១,២៧លាននាក់
21, Apr 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកងកម្លាំងយោធា សរុប ១,២៧៧,៦៨៨នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ ក្នុងចំណោមមនុស្សជាង១,២៧លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះ មានក្រុមពលរដ្ឋអាទិភាពចំនួន៩៨៣,១៤៥នាក់ និង ២៩៤,៥៤៣នាក់ទៀត ជាកងកម្លាំងទ័ព។ នេះបើយោងតាមរបាយការណ៍ផ្សេងៗពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដែលគិតត្រឹមថ្ងៃទី២០មេសា ឆ្នាំ២០២១។

 
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) កាលពីថ្ងៃទី ១៩មេសា  បានប្រកាសប្រាប់ជូនសាធារណជន ក្នុងការបន្តការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នូវដូសទី២ ជូនដល់បុគ្គលដែលត្រូវដល់វេនចាក់ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ក្នុងនោះចំពោះការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)និងស៊ីណូហ្វាម(Sinopharm) ដូសទី២ នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០មេសា ដល់ថ្ងៃទី ៣ឧសភា ឆ្នាំ ២០២១។


 
កាលពីថ្ងៃទី២០មេសា ក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នូវដូសទី២ ជូនគ្រួសារកងទ័ពនៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដោយតម្រូវឱ្យគ្រួសារកងទ័ព ដែលដល់វេនការចាក់វ៉ាក់សាំងនៅភ្នំពេញ និងក្រុងតាខ្មៅ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលសាម៉ីខ្លួនកំពុងស្ថិតនៅ ដោយមិនអនុញ្ញាតឱ្យឆ្លងខណ្ឌពីមួយទៅមួយនោះឡើយ។ 
 
សូមជម្រាបថា វ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូស ដែលជាជំនួយបន្ថែមរបស់ចិន  នឹងមកដល់កម្ពុជា នាចុងខែមេសានេះ។ បើតាមប្រសាសន៍សម្តេចហ៊ុន សែន វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងដឹកមកដល់ជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ ខែឧសភា នឹងមកដល់កម្ពុជាចំនួន១,៥ លានដូស ខែមិថុនា នឹងមកដល់ចំនួន ៣លានដូស ក្នុងខែកក្កដា នឹងមកដល់ចំនួន ២លានដូស និងខែសីហា មកដល់ចំនួន ១ លានដូសទៀត៕
 



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com