COVID-19
ជាតិ
ពលរដ្ឋខេត្តព្រះសីហនុដែលមិនគោរព ចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នឹងត្រូវពិន័យពី ២ទៅ ៥លានរៀល
22, Apr 2021 , 9:29 am        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
 ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីសម្រេច ពីការពិន័យអន្តរការណ៍ពី២លាន ដល់៥ លានរៀល ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយទុកពេលបង់ប្រាក់ពិន័យត្រឹម ៣០ថ្ងៃ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍នៅព្រឹកថ្ងៃទី ២១ មេសា។



រដ្ឋបាលខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា បុគ្គលដែលមានចេត្តនាមិនគោរព នូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ដូចចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ត្រូវពិន័យទឹកប្រាក់ ២លាន ៥សែនរៀល ។ រីឯ បុគ្គលដែលមិនគោរពនូវការហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំ ត្រូវពិន័យទឹកប្រាក់ ចំនួន ២លានរៀល ដែលមានចែងក្នុងមាត្រា៥   ។
 
សម្រាប់បុគ្គលមិនគោរពនូវវិធានការហាមឃាត់ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដូចចែងក្នុងមាត្រា៦ នៃអនុក្រឹត្យ លេខ៥៧ អនក្រ.បក  និងមិនគោរពវិធានការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬកន្លែងមានការរាលដាលជំងឺកូវីដ-១៩  ត្រូវពិន័យ ៣លានរៀល។
 
ចំណែក បុគ្គលមិនគោរពវិធានការការរឹតត្បិត ឬហាមឃាត់ ការធ្វើចរាចរណ៍ចេញ ចូល តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមមាត្រ៧ នឹងត្រូវពិន័យទឹកប្រាក់ចំនួន ៣លានរៀល ។ បុគ្គលិកដែលមិនគោរពវិធានការ បំរាមគោចរ មានចែងក្នុងមាត្រា៨ ត្រូវពិន័យទឹកប្រាក់ចំនួន ៣លាន ៥សែនរៀល។
 
ចំពោះបុគ្គលមិនគោរពវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ ៤លានរៀល។ បុគ្គល មិនគោរពវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ ចំនួន ៥លានរៀល និងបុគ្គល មិនគោរពតាមវិធានការរដ្ឋបាលផ្សេងទៀត ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវពិន័យទឹកប្រាក់ចំនួន ២លាន៥សែនរៀល។ 
 
បុគ្គលល្មើសវិធានការខាងលើ ត្រូវបង់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានបង្កាន់ដៃពិន័យអន្តរការណ៍ពីមន្រ្តីនៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងករណីមិនបានបង់ប្រាក់ក្នុងរយៈពេល៣០ថ្ងៃទេ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលិខិតខាងលើ។
 
បើតាមរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់៖ « ចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ត្រូវកត់ត្រាជាចំណូលរបស់រដ្ឋបាលខេត្តព្រះសីហនុ »។ 
 
 បន្ថែមពីនេះក្នុងករណីនេះ អ្នកមិនគោរពវិធានការនេះហើយ បណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ បុគ្គលល្មើសនឹងត្រូវជាប់ពន្ធនាគារ និងទោសពិន័យជាប្រាក់ស្របតាមមាត្រា១០នៃច្បាប់ និងបទប្បញត្តិពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
 
 

Tag:
 កូវីដ-១៩
  ពិន័យ
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com