ជាតិ
សុខភាព
ស្ត្រីខ្មែរ២នាក់ទៀត ស្លាប់ដោយសារCOVID-19
21, Apr 2021 , 8:02 pm        
រូបភាព
ភ្នំពេញ៖  មានស្ត្រីខ្មែរវ័យ៥៤ឆ្នាំ ចំនួន២នាក់ទៀត បានស្លាប់ដោយសារតែជំងឺកូវីដ-១៩(COVID-19) នាថ្ងៃទី២១មេសា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ការស្លាប់របស់ស្ត្រីទាំងពីរនេះ នាំឱ្យកម្ពុជាកើននូវចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ រហូតដល់៥៦នាក់ហើយ។

 
ករណីស្លាប់របស់ស្រ្តីទាំង២នាក់នេះ គឺដោយសារការវិវត្តរបស់ជំងឺកូវីដ-១៩ពីរមួយទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរឡើងៗ និងមានអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យសង្គ្រោះតាមបែបបច្ចេកទេសដោយម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែនៅតែមិនអាចជួយសង្រ្គោះជីវិតអ្នកជំងឺបានដដែល។ នេះបើតាមលើកឡើងរបស់ក្រសួងសុខាភិបាល ដោយបញ្ជាក់ថា ស្ត្រីទាំង២នាក់ខាងលើនេះ បានបាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារមេរោគកូវីដ-១៩។
 
ក្រសួងសុខាភិបាលបន្តរៀបរាប់ថា ក្នុងចំណោមស្ត្រីដែលបានស្លាប់ដោយសារកូវីដ-១៩នេះ មានម្នាក់រស់នៅក្នុងសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ដែលបានចូលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី១០មេសា ឆ្នាំ២០២១ ក្រោយតេស្តឃើញវិជ្ជមានកូវីដ-១៩។ រីឯអ្នកស្លាប់ម្នាក់ទៀតនោះ គឺមានអាសយដ្ឋាន នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ   បានចូលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី១២មេសា ក្រោយតេស្តឃើញវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក និងហត់ដង្ហក់ខ្លាំង។ 
 
គិតមកទល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប ៧៧៤៧ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៧២០២ករណី។ អ្នកសះស្បើយមានចំនួន ២៧៩៤ ខណៈអ្នកស្លាប់កើនដល់ ៥៦នាក់។ កម្ពុជា នៅមានអ្នកជំងឺ ៤៨៩៣នាក់ ក្នុងនោះ ២៤១៦នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល ខណៈអ្នកព្យាបាលនៅផ្ទះ នៅសល់ចំនួន ១៥នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com