COVID-19
ជាតិ
សង្គមជាតិ
សមត្ថកិច្ច បញ្ឈប់ការប្រើរំពាត់វាយពលរដ្ឋ នៅតំបន់ក្រហម
21, Apr 2021 , 9:22 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
មេដឹកនាំផ្នែកនគរបាល ចេញបញ្ជាទៅកម្លាំងនគរបាលថ្នាក់ក្រោម ឲ្យបញ្ឈប់ការប្រើរំពាត់ វាយប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម។ ការចេញបញ្ជាឲ្យបញ្ឈប់ការប្រើរំពាត់វាយប្រជាពលរដ្ឋ ដែលជាទម្រង់មួយនៃអំពើហិង្សានេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យកម្លាំងនគរបាល ចៀសវាងប្រើហិង្សាលើប្រជាពលរដ្ឋ ក្នុងអំឡុងបំពេញភារកិច្ច។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ដូច្នេះថា៖«សម្តេច [ស ខេង] ចេញសារហើយ ឯកឧត្តមអគ្គ [ស្នងការនគរបាលជាតិ នេត សាវឿន] ក៏លោក បញ្ជាឲ្យឈប់ដែរ។ អត់មានចាប់ពីស្អែកទេ តែចេញបញ្ជាហើយ កងកម្លាំងចាប់ផ្តើមអនុវត្តហើយ [ឈប់ប្រើរំពាត់វាយ]»។

មួយថ្ងៃ-ពីរថ្ងៃនេះ មានការបញ្ចេញមតិផ្ទុយគ្នាពីមជ្ឈដ្ឋានជាច្រើន ដោយមតិមួយយល់ថា បើប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម មិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ដោយនៅតែចេញពីលំនៅឋាន ប្រជាពលរដ្ឋនោះ គួរតែត្រូវបានវាយដោយរំពាត់ ខណៈមតិមួយទៀត ជំទាស់ថា ជាការរំលោភសិទ្ធិមនុស្ស ហើយចាត់ទុកជាការប្រើហិង្សាលើប្រជាពលរដ្ឋ ដែលមិនគួរឲ្យកើតមាននៅកម្ពុជា។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា កម្លាំងសមត្ថកិច្ច ពុំទាន់បានវាយទៅលើប្រជាពលរដ្ឋនោះទេ ដោយគ្រាន់តែកាន់រំពាត់កម្លាចប៉ុណ្ណោះ ដើម្បីឲ្យប្រជាពលរដ្ឋ គោរពតាមការណែនាំរបស់រដ្ឋាភិបាល ជាពិសេសសេចក្តីណែនាំមិនឲ្យចេញពីលំនៅឋាន សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម។ ការប្រើរំពាត់កម្លាចប្រជាពលរដ្ឋបែបនេះ ត្រូវលោកឧត្តមសេនីយ៍ឯក ប្រៀបធៀបថា ដូចជា ឪពុកម្តាយ ប្រើរំពាត់ កម្លាចកូនដូច្នោះដែរ។

មេនគរបាលរាជធានីភ្នំពេញរូបនេះ មានប្រសាសាន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ពួកគាត់ ឃើញ [ប្រជាពលរដ្ឋចេញពីលំនៅ] អ៊ីចឹង គ្រាន់តែណែនាំក្រើនរម្លឹក មិនមែនបងប្អូន [សមត្ថកិច្ច] បានទៅវាយដុនដាប ប្រជាពលរដ្ឋ ស្រែកទ្រហោយំឯណា»។

រំពាត់ឬផ្តៅ ដែលកម្លាំងសមត្ថកិច្ចប្រើនោះ មានមួយចំនួន មានទំហំធំជាងរំពាត់ឬផ្តៅធម្មតា ដោយមើលទៅស្ទើរតែអាចចាត់ទុកជាដំបងឬព្រនង់ក៏បាន។

នារសៀលថ្ងៃទី២១ ខែមេសានេះ សម្តេច ស ខេង ដែលមានសិទ្ធិអំណាចគ្រប់គ្រងលើកម្លាំងនគរបាលទូទាំងប្រទេស បានចេញសារក្រើនរម្លឹកទៅអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងនគរបាល ឲ្យបំពេញភារកិច្ចដោយការអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ និង អាកប្បកិរិយាថ្លៃថ្នូរ។ បន្ថែមពីនេះ រដ្ឋមន្រ្តីមហាផ្ទៃ បានប្រាប់ឲ្យកម្លាំងនគរបាល គោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា។

រដ្ឋមន្រ្តីមហាផ្ទៃ ចេញសារក្រើនរម្លឹកនេះ ស្ថិតក្នុងកាលៈទេសៈ ដែលមជ្ឈដ្ឋាននានា បញ្ចេញប្រតិកម្មនឹងការប្រើរំពាត់ពីសំណាក់កម្លាំងសមត្ថកិច្ច វាយទៅលើប្រជាពលរដ្ឋ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្រោយជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំង រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងមូលនិងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល១៤ថ្ងៃ គឺចាប់តាំងពីថ្ងទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅ បើមានតំបន់ណា មានហានិភ័យខ្ពស់នៃការរាលដាលជំងឺកូវីដ-១៩ តំបន់នោះ នឹងត្រូវដាក់ចូលជាតំបន់ក្រហម។ បច្ចុប្បន្ន សង្កាត់ស្ទឹងមានជ័យទី១ ទី២ ទី៣ នៃខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ, ភូមិ១៤ ភូមិ១៦ ភូមិ១៧ នៃក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវដាក់ចូលជាតំបន់ក្រហម៕

Tag:
 COVID-19
  បិទខ្ទប់
  តំបន់ក្រហម
  ប្រើរំពាត់វាយពលរដ្ឋ
  ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com