COVID-19
ជាតិ
COVID-19៖ វិជ្ជមាន ៤៤៦នាក់ទៀត ខណៈអ្នកស្លាប់កើនដល់៥៩នាក់
22, Apr 2021 , 2:18 pm        
រូបភាព
របាយការណ៍ក្រសួងសុខាភិបាល នាថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ​២០២០១ នេះ បង្ហាញថា កម្ពុជាមានអ្នក​ឆ្លងកូវីដ-១៩ ចំនួន៤៤៦នាក់ និងសះស្បើយចំនួន ១៣០នាក់បន្ថែមទៀត។ ភ្នំពេញ​នៅតែតំបន់ដែលមាន​ករណី​ច្រើន​ជាងគេប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ ក៏មានអ្នកជំងឺចំនួន ១៣០នាក់ផងដែរ បានជាសះស្បើយ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់៥៩នាក់​។



មនុស្សចំនួន ៤៤៦នាក់ ទៀតត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ហើយសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈទាំងអស់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ចំនួន ៣៣១ករណី ហើយក្នុងចំណោមនោះមាន ២នាក់បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២១ មេសា។ អ្នកជំងឺចំនួណ ៣២៩នាក់ទៀត ក្រសួងនឹងជូនដំណឹងពីកន្លែងសម្រាកព្យាបាលនៅពេលក្រោយ។ ​ខេត្តព្រះសីហនុ ក៏មានតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដែរ គឺចំនួនអ្នកឆ្លងថ្មី មាន៨២ករណី ក្នុងនោះជនជាតិខ្មែរ ៨១នាក់ និងជនជាតិចិន១នាក់ ។ អ្នកជំងឺទាំង ៨២នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ខេត្តកណ្តាលមាន ២១នាក់ ក្នុងនោះអ្នកជំងឺជនជាតិខ្មែរ ២០នាក់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល និងម្នាក់ទៀតជាជនជាតិ ត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។

ខេត្តតាកែវមាន ៥ករណី ហើយអ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ១ករណីនៅបាត់ដំបងជាអ្នករស់នៅ ឃុំព្រែកលីក ស្រុករុក្ខគិរី ។ ១ករណីនៅកំពង់ចាម លើស្រ្តី អាយ២៧ឆ្នាំ រស់នៅឃុំរកាគយ ស្រុកកងមាស។ ១ករណីនៅព្រៃវែង លើស្ត្រីវ័យ២៣ឆ្នាំ រស់នៅឃុំរកា ស្រុកពារាំង។ ១ករណី លើបុរសអាយុ ៥២ឆ្នាំ នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ២ករណីនៅកំពង់ស្ពឺ ដោយម្នាក់រស់នៅឃុំត្រែងត្រយឹង និងម្នាក់ទៀតនៅឃុំមហាសាំង នៃស្រុកភ្នំស្រួច។ ខេត្តបន្ទាយមានជ័យ មាន១ករណី
ដំបូង លើបុរសអាយុ២៧ឆ្នាំ ស្នាក់នៅឃុំតាផូ ស្រុកស្វាយចេក។ 

ជាមួយគ្នានោះក្រសួងក៏ប្រកាសថា មានអ្នកជំងឺ ១៣០នាក់ បន្ថែមទៀតបានសះស្បើយ ដោយក្នុងនោះ៣នាក់ ជាករណីនាំចូល ហើយ១២៧នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ 

បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩សុរប ៨ ១៩៣នាក់ ក្នុងនោះ ៧៦៤៨ នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយ មានចំនួន ២៩២៤ ខណៈអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនដល់ ៥៩នាក់។ អ្នកជំងឺកូវីដ-១៩ បច្ចុប្បន្នមាន ៥២០៤នាក់ ក្នុងនោះអ្នកជំងឺ ២៧២៧នាក់ កំពុងរង់ចាំការបញ្ជូនទៅកន្លែងព្យាបាល។ អ្នកព្យាបាលនៅផ្ទះមានចំនួន ១៥នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com