ជាតិ
សង្គមជាតិ
មេដឹកនាំកម្ពុជា-វៀតណាមបន្តសួរសុខទុក្ខគ្នាអំឡុងវិបត្តិកូវីដ-១៩ ខណៈវៀតណាមជួយ៣០ម៉ឺនដុល្លារទៀត
22, Apr 2021 , 12:10 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ង្វៀន ហ៊្វចុង នៅវៀតណាមសន្តិភាព កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបថត AFP
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ង្វៀន ហ៊្វចុង នៅវៀតណាមសន្តិភាព កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបថត AFP
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាម បានផ្តល់ថវិកាចំនួន៣០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់ការប្រយុទ្ធ ប្រឆាំងនៃការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ ជាមួយគ្នានេះ មេដឹកនាំរដ្ឋាភិបាល ក៏ដូចជាបក្សកាន់អំណាចនៃប្រទេសជិតខាងទាំងពីរ បន្តផ្ញើសារសួរសុខទុក្ខគ្នាទៅវិញទៅមក នាអំឡុងវិបត្តិកូវីដ-១៩។

 
រដ្ឋាភិបាលវៀតណាម បានបង្ហាញការជឿជាក់ថា កម្ពុជា នឹងជម្នះការលំបាកអំពីការរាតត្បាតជំងឺ កូវីដ-១៩ នេះ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន។ នេះបើតាមខ្លឹមសារដែលបានដកស្រង់ក្នុង សេចក្តីប្រកាសព័ត៌មាន។
 
 កាលពីដើមខែមេសា ឆ្នាំ២០២១នេះ រដ្ឋាភិបាលវៀតណាម ក៏បានផ្តល់ថវិកាចំនួន២០ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ប្រឆំាងនឹងជំងឺកូវីដ-១៩ ដែរ។ រយៈពេលប្រមាណ២ខែកម្ពុជាបានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ជាង៧ពាន់ករណី ក្នុងនោះអ្នកស្លាប់បានកើនដល់ ៥៦នាក់។
 
កាលពីថ្ងៃទី ១៩ ខែមេសា លោក ង្វៀន ហ្វ៊ចុង (Nguyễn Phú Trọng ) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានផ្ញើសារសួរសុខទុក្ខសម្តេច ហ៊ុន សែន និងបណ្តាមេដឹកនាំបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ដែលកំពុងរងផលប៉ះពាល់ដោយកូវីដ-១៩។
 
លោកបានអរគុណដល់ភាគីកម្ពុជា ដែលបានដំណើរការចាក់វ៉ាក់សាំងជូនកម្មាភិបាលបណ្តាស្ថាប័នតំណាងរបស់វៀតណាម និស្សិតវៀតណាម និងជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។
 
ជាការឆ្លើយតបវិញ សម្តេច ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរវៀតណាមចំពោះវិធានការឆាប់រហ័ស និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់កូវីដ-១៩ រួមទាំងបន្តការគាំទ្រ និងផ្តល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ជាដើម។
 
សម្តេចរំលឹកថា កម្ពុជាបានជោគជ័យយ៉ាងខ្លាំងក្នុងការទប់ស្កាត់កូវីដ-១៩ កាលពីអំឡុងឆ្នាំ២០២០ ប៉ុន្តែសង្គ្រាមប្រឆាំងជំងឺរាតត្បាតនេះ បានមកដល់ដំណាក់កាលថ្មីដ៏ស្មុគ្រស្មាញ ក្រោយការផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ។ 
 
«បច្ចុប្បន្ន ក្រសួងសុខាភិបាលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បាននិងកំពុងរៀបចំមន្ទីរព្យាបាលកូវីដ-១៩ យ៉ាងដុតដៃដុតជើង ដើម្បីសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋកម្ពុជា»។ នេះជាការរៀបរាប់របស់សម្តេច ហ៊ុន សែន។
 
សម្តេច បានលើកឡើងថា កម្ពុជា-វៀតណាម មានការរីកចម្រើនដ៏ប្រសើរនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»៕
 
 
 
 

Tag:
 វៀតណាម
 ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com