COVID-19
ជាតិ
COVID-19៖ សេវាសុខាភិបាលឯកជនស្របច្បាប់បានការអនុញ្ញាតឲ្យប្រើឧបករណ៍តេស្តរហ័ស Rapid Test
22, Apr 2021 , 1:58 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា នេះ បានចេញសេចក្តីប្រកាសព៍ត៌មានស្តីពីការអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ ប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ-១៩ រហ័ស (Rapid Antigen Test COVID-19) ក្នុងក្របខណ្ឌទូទាំងប្រទេស។



សេវាសុខាភិបាលឯកជនស្របច្បាប់ដែលរួមមានមន្ទីរពេទ្យឯកជន មន្ទីរពហុព្យបាល មន្ទីរសម្រាកព្យាបាល និងសម្ពព ទទួលបាននូវការអនុញ្ញាតឲ្យប្រើប្រាស់ Rapid Antigen Test COVID-19 ដែលបានទទួលស្គាល់ និងកំពុងប្រើប្រាស់ដោយក្រសួងសុខាភិបាល។

បើតាមលោក ម៉ម ប៊ុនហេង ការអនុញ្ញាតនេះ មានការឯកភាពពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយមានសំណើររបស់សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដដែល។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានមួយចំនួនថា ឧបករណ៍តេស្តរហ័សនេះ នឹងអនុវត្តនៅទីតាំងដែលមានហានីភ័យខ្ពស់ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសមណ្ឌលសុខភាព ដោយលទ្ធផលអាចដឹងភ្លាមៗ ក្រោយចំណាយត្រឹមតែ១៥នាទី៕


© រក្សាសិទ្ធិដោយ thmeythmey.com