កីឡាអន្តរជាតិ
អន្តរជាតិ
UCIRF ស្នើលោក បៃឌិន កុំបញ្ជូនមន្រ្តីអាមេរិកទៅអូឡាំពិកប៉េកាំង បើចិននៅធ្វើទុក្ខជនជាតិវីហ្គ័រ
22, Apr 2021 , 9:29 pm        
រូបភាព
គណៈកម្មការសហរដ្ឋអាមេរិកស្តីពីសេរីភាពសាសនាអន្តរជាតិ (UCIRF) នៅថ្ងៃទី២១ ខែមេសា បានជំរុញរដ្ឋបាលលោក ចូ បៃឌិន កុំបញ្ជូនមន្រ្តីទៅចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០២២ នៅប៉េកាំង។ UCIRF លើកឡើងពីការធ្វើទុក្ខបុកម្នេញខាងសាសនា រួមទាំងការគាបសង្កត់របស់ចិនទៅលើជនជាតិភាគតិចវីហ្គ័រ ដែលក្រុងវ៉ាស៊ីនតោនឱ្យឈ្មោះថាជាអំពើប្រល័យពូជសាសន៍។


រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានផ្តល់សញ្ញាវិជ្ជមាននៅដើមឆ្នាំនេះថាខ្លួនគ្មានផែនការរារាំងអត្តពលិកអាមេរិកចូលរួមក្នុងព្រឹត្តិការណ៍កីឡានៅទីក្រុងប៉េកាំងឡើយ។ មួយវិញទៀត អាមេរិកក៏នឹងមិនយកព្រឹត្តិការណ៍កីឡាទៅពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្ស ឬនយោបាយជាមួយប្រទេសដទៃនោះដែរ។
 
ស្របពេលគ្នានេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមួយចំនួន ព្រមទាំងក្រុមសិទ្ធិមនុស្ស បានអំពាវនាវឱ្យរដ្ឋបាលលោកបៃឌិន ធ្វើពហិការចូលរួមអូឡាំពិករដូវរងាជុំវិញសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំង និងការបង្ក្រាបនៅហុងកុង។ ចិន រងការរិះគន់ខ្លាំងជុំវិញការប្រព្រឹត្តរបស់ខ្លួនលើជនជាតិមូស្លីមវីហ្គ័រនៅស៊ីនជាំង រហូតអាមេរិក និងសម្ពន្ធមិត្តដាក់ទណ្ឌកម្មប្រទេសយក្សអាស៊ីនេះទៀតផង។
 
ខណៈការអំពាវនាវនេះមិនទទួលបានជោគជ័យ សមាជិកសភាអាមេរិក និង UCIRF ស្នើឱ្យអាមេរិកកុំបញ្ជូនតំណាងរដ្ឋាភិបាល ឬមន្ត្រីមួយចំនួនចូលរួមព្រឹត្តិការណ៍កីឡានៅប៉េកាំងវិញ។ 
UCIRF នៅក្នុងរបាយការណ៍ប្រចាំឆ្នាំបានលើកទឹកចិត្តឱ្យក្រុងវ៉ាស៊ីនតោនបន្តដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងទិដ្ឋការដែលមានគោលដៅលើទីភ្នាក់ងាររដ្ឋាភិបាលចិន និងមន្រ្តីដែលទទួលខុសត្រូវចំពោះការរំលោភបំពាននេះ៕
 

Tag:
 UCIRF
  វីហ្គ័រ
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com