COVID-19
ជាតិ
COVID-19៖ ៦៥៥ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ឡើង​ដល់​៦១នាក់
23, Apr 2021 , 2:35 pm        
រូបភាព
ក្រសួង​សុខាភិបាល​ នា​ថ្ងៃសុក្រ ទី២៣ ខែមេសា នេះ បាន​ប្រកាសពី​ករណីឆ្លងកូវីដ-១៩ ចំនួន​៦៥៥នាក់បន្ថែមទៀត ដែលជាតួលេខខ្ពស់បំផុត​ដែលប្រកាសប្រចាំថ្ងៃ ខណៈភ្នំពេញមាន​ទៅដល់​៥២២នាក់ និងព្រះសីហនុមាន​១១៣នាក់។ ចំនួន​នេះធ្វើឲ្យ​តួលេខអ្នក​ឆ្លងកូវីដ-១៩ សរុប​នៅ​កម្ពុជា៨៨៤៨ឡើង​ដល់នាក់។ ជាមួយគ្នានេះ អ្នកជាសះស្បើយ​ថ្មី​មាន​ចំនួន២២៤នាក់ រីឯអ្នកស្លាប់មាន​៦១នាក់។



ក្នុងចំណោម​ករណីថ្មីទាំង​៦៥៥​ មាន​១ករណីជាពលករមកពីថៃ ដោយអ្នកជំងឺជាស្ត្រីជនជាតិ​ខ្មែរអាយុ១៨​ឆ្នាំ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមក​ដល់​កម្ពុជា​នៅថ្ងៃទី​១៩ ខែ​មេសា។ បច្ចុប្បន្ន គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយមានជ័យ។

៦៥៤ករណីទៀត ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ ភ្នំពេញ​មាន​៥២២ករណី ដោយមាន​ខ្មែរ​៥១៩នាក់ ចិន​២នាក់ និង​វៀតណាម​១នាក់។ ក្រសួងនឹងជូន​ដំណឹង​បន្ត​ទៀត​ទាក់ទងនឹងកន្លែងសម្រាក។

ខេត្តព្រះសីហនុ មាន​១១៣នាក់ ដែលស​ុទ្ធតែជាជន​ជាតិខ្មែរ។ ខេត្ត​កណ្តាល មាន​ខ្មែរ​៥នាក់ ខេត្ត​តាកែវមាន​ខ្មែរ​៥នាក់ ខេត្ត​កំពង់ចាម​មានខ្មែរ​៣នាក់នៅស្រុកស្រីសន្ធរ, ខេត្តកែបមាន​ខ្មែរ៣នាក់នៅឃុំអង្គោល ស្រុកដំណាក់ចង្អើរ។

ខេត្តត្បូងឃ្មុំ​មាន​បុរសខ្មែរអាយុ​២៤ឆ្នាំម្នាក់​នៅឃុំកោងកាង ស្រុកពញាក្រែក, ខេត្តកំពង់ស្ពឺមាន​ស្ត្រីខ្មែរអាយុ៣៨​ឆ្នាំ នៅ​ឃុំត្រពាំងគង ស្រុកសំរោងទង និងខេត្តមណ្ឌលគិរី មាន​ករណីដំបូងបំផុតដែល​ជាស្ត្រីខ្មែរអាយុ៥១ឆ្នាំ នៅសង្កាត់​ស្ពាន​មានជ័យ ក្រុងសែន​មនោរម្យ។

អ្នកសះស្បើយថ្មី​មាន​២២៤នាក់ ដោយ២នាក់នៅសៀមរាប ៧នាក់នៅកណ្តាល ៥នាក់នៅព្រៃវែង ១៩នាក់នៅព្រះសីហនុ ១១នាក់នៅស្វាយរៀង និង​១៨០នាក់នៅភ្នំពេញ។

គិតមកដល់​ពេលនេះ អ្នក​កើតកូវីដ-១៩នៅ​កម្ពុជា សរុបឡើង​ដល់៨៨៤៨នាក់ ក្នុងនោះ​៨៣០១នាក់ស្ថិតក្នុងសហគមន៍​២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន​៣១៤៨នាក់ និង​ស្លាប់មាន​៦១នាក់ ប៉ុន្តែក្រសួងមិនទាន់បាន​ផ្តល់ព័ត៌មានលំអិតទាក់ទងនឹងករណីស្លាប់​២នាក់ចុងក្រោយនេះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com