ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់ពេលព្រឹក ដែលអាចធ្វើឱ្យអ្នកចេះតែមានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ
20, Sep 2022 , 6:58 am        
រូបភាព
ទម្លាប់ចាស់ៗពិបាកនឹងកែណាស់ ដូច្នេះហើយទើបយើងធ្វើសកម្មភាពមួយចំនួនដោយមិនបានគិតដល់ថាតើវាអាចបង្កគ្រោះថ្នាក់អ្វីឬអត់ ជាពិសេសកំឡុងពេលព្រឹក។ ថាតើទម្លាប់ពេលព្រឹកអ្វីខ្លះដែលអាចធ្វើឱ្យអ្នកចេះតែមានអារម្មណ៍អស់កម្លាំង? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ពេលព្រឹកមួយចំនួនទាំងនោះ ​៖

 
១. មិនទទួលទានទឹកមួយកែវសិន
 
ចង់ដឹងពីមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឱ្យអ្នកមានក្លិនខ្យល់ដង្ហើមមិនល្អនៅពេលព្រឹកទេ? នោះ គឺភាពស្ងួតក្នុងមាត់។ សម្រាប់រយៈពេលពី ៧ ទៅ ៩ម៉ោង រាងកាយមិនទទួលបានជាតិទឹកច្រើនតាមតម្រូវការឡើយ។ ហើយនេះក៏ជាមូលហេតុចម្បងមួយទៀតដែលអ្នកគួរព្យាយាមទទួលទានទឹកឱ្យបាន ១កែវភ្លាមក្រោយពេលក្រោកពីគេង។ វិធីនេះនឹងជួយស្ដារជាតិទឹកគ្រប់គ្រាន់ឡើងវិញ ហើយផ្ដល់ឱ្យអ្នកនូវថាមពលនិងភាពស្រស់ស្រាយ។
 
២. មិនងូតទឹក
 
មនុស្សជាច្រើនជ្រើសរើសយកការងូតទឹកនៅពេលយប់ដោយសារមូលហេតុមួយចំនួន។ ទី១នោះ គឺការងូតទឹកអាចផ្ដល់ឱ្យពួកគេនូវអារម្មណ៍ធូរស្រាលកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ហើយគេងលក់បានស្រួល។ ទី២នោះ គឺពួកគេមិនចាំបាច់ងូតទឹកនៅពេលព្រឹកទៀតឡើយដើម្បីចំណេញពេល។ ទោះជាយ៉ាងណាក៏ដោយ ការមិនងូតទឹកពេលព្រឹកមិនមែនជាជម្រើសដ៏ប្រសើរឡើយ។ ជាក់ស្ដែងវាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្វាងងងុយ ហើយស្អុះស្អាប់។
 
៣. ទទួលទានអាហារពេលព្រឹកមិនត្រូវប្រភេទ
 
ភាគច្រើននៃពួកយើងសុទ្ធតែដឹងថាអាហារពេលព្រឹក គឺសំខាន់ជាងគេក្នុងចំណោមអាហារទាំងបីពេល។ ការជ្រើសរើសទទួលទានអាហារពេលព្រឹកមិនបានត្រឹមត្រូវអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍បាត់បង់ថាមពលមិនស្វាហាប់។ ដើម្បីជាការប្រសើរចូរជ្រើសរើសទទួលទានអាហារពេលព្រឹកដែលមានផ្ទុកប្រូតេអ៊ីនគុណភាពខ្ពស់ ព្រមទាំងខ្លាញ់សុខភាពល្អ។ ចៀសវាងអាហារពេលព្រឹកដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករនិងកាបូអ៊ីដ្រាតខ្ពស់។
 
៤. គេចពីពន្លឺព្រះអាទិត្យនៅពេលព្រឹក
 
ការអនុញ្ញាតឱ្យរាងកាយស្រូបយក ឬត្រូវកម្ដៅថ្ងៃនៅពេលព្រឹកមុនម៉ោង ១០ គឺល្អណាស់ដើម្បីបង្កើនបរិមាណនៃវីតាមីន D ដែលសារធាតុចិញ្ចឹមជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ ឆ្អឹង និងធ្មេញមានភាពរឹងមាំ ព្រមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com