COVID-19
ជាតិ
សង្គមជាតិ
វិជ្ជមានកូវីដ-១៩ ចំនួន៣ករណីនៅខេត្តកែប ក្នុងនោះមានព្រះសង្ឃមួយអង្គ
23, Apr 2021 , 9:59 pm        
រូបភាព
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តកែបនាថ្ងៃទី២៣ ខែមេសា បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣ករណី ក្នុងនោះមានព្រះសង្ឃមួយអង្គ គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ។ មនុស្ស២នាក់ ទៀត មានម្នាក់សាច់ញាតិព្រះសង្ឃខាងលើ និងម្នាក់ទៀតជាបុរស វ័យ៣៤ឆ្នាំ ។ 

 
តាមរដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៩ ខែមេសា ព្រះសង្ឃមួយអង្គមានអាការចុកទ្រូង។ បន្ទាប់មកក៏បាននិមន្តទៅព្យាបាលនៅមន្ទីរពេទ្យចំការចេក ខេត្តព្រះសីហនុ ក្រោយមកស្ថានភាពកាន់តែធ្ងន់ធ្ងរ ព្រះអង្គក៏បាននិមន្តមកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ។ 
 
នៅពេលព្រះអង្គនិមន្ត មកព្យាបាលនៅរាជធានីភ្នំពេញ សាច់ញាតិរបស់ព្រះអង្គ២នាក់ បានមកមើលថែទាំព្រះអង្គ។ កាលពីថ្ងៃទី១៩ អាជ្ញាធរបានចុះនាំព្រះអង្គ និងសាច់ញាតិរបស់ព្រះអង្គពីរនាក់ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងបានធ្វើតេស្តនៅថ្ងៃទី២១។ លទ្ធផលក៏បានចេញនៅថ្ងៃទី២៣ ថាព្រះអង្គ និងសាច់ញាតិម្នាក់ ក្នុងចំណោមសាច់ញាតិពីរនាក់ ដែលទៅមើលថែព្រះអង្គនោះវិជ្ជមានកូវីដ-១៩។ 
 
រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា អាជ្ញាធរ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ នឹងអ្នកជំងឺទំាងពីរអង្គ និងនាក់នោះ ចំនួន៥នាក់ ដោយពួកគេកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត។ 
 
ចំពោះបុរសម្នាក់ទៀតអាយុ៣៤ឆ្នាំ មុនឆ្លងជំងឺកូវីដ-១៩ បុរសរូបនោះបានជូនបងប្រុសទៅព្យាបាលនៅរាជធានីភ្នំពេញនៅចន្លោះថ្ងៃទី៣ ដល់ថ្ងៃទី២១។ នៅថ្ងៃទី២២ អាជ្ញាធរខេត្តកែបបានយកសំណាក ហើយលទ្ធផលបង្ហាញនៅថ្ងៃទី២៣ថា វិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នបុរសរូបនោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយរកឃើញអ្នកប៉ះផ្ទាល់នឹងបុរសនោះចំនួន៣នាក់។ 
 
គិតមកដល់ពេលនេះ អ្នកកើតកូវីដ-១៩នៅកម្ពុជា សរុបឡើងដល់៨៨៤៨នាក់ ក្នុងនោះ៨៣០១នាក់ស្ថិតក្នុងសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន៣១៤៨នាក់ និងស្លាប់មាន៦១នាក់ ប៉ុន្តែក្រសួងមិនទាន់បានផ្តល់ព័ត៌មានលំអិតទាក់ទងនឹងករណីស្លាប់២នាក់ចុងក្រោយនេះឡើយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com