COVID-19
ជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្អាកដំណើរការផ្សារសាលាលេខ៥ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់
24, Apr 2021 , 3:59 pm        
រូបភាព
ភ្នំពេញ៖ អាជីវករ៤នាក់ នៅផ្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង មានវិជ្ជមានកូវីដ-១៩ ដែលជាការរីករាលនៃព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ ការរកឃើញករណីឆ្លងនេះ បានធ្វើឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចផ្អាកដំណើរការផ្សារសាលាលេខ៥ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះតទៅ។



រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖«ការបិទបណ្តោះអាសន្នទីតាំងខាងលើ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បន្ទាប់ពីរដ្ឋបាលខេត្តទទួលលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១»។ 
 
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ តទៅ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រាប់អាជីវករ និងអ្នកធ្លាប់ចេញចូលទីតាំងខាងលើ ក៏ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយបើមានរោគសញ្ញាសង្ស័យ ត្រូប្រញាប់ទំនាក់ទំនងទៅក្រុមការងារ ឬមណ្ឌលសុខភាពនៅជិតបំផុត ដើម្បីផ្តល់សំណាកទៅពិនិត្យ៕
 

Tag:
 Thmeythmey
  កូវីដ-១៩
  ខេត្តកំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com