អន្តរជាតិ
តើវីរុសបំប្លែងខ្លួនយ៉ាងដូចម្តេច?
24, Apr 2021 , 10:19 pm        
រូបភាព
រូបថត BreakThroughs
រូបថត BreakThroughs
នៅពេលដែលវីរុស SARS-CoV-2 ដែលបង្កជំងឺកូវីដ-១៩ បានរាតត្បាតទៅកាន់ផ្នែកជាច្រើនផ្សេងៗនៃពិភពលោក វីរុសមួយនេះបាន ជារឿយៗ បានបំប្លែងខ្លួនជាលក្ខណៈសេនេទិចដូចដែលយើងឃើញនៅអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងជាដើម។ ការបំប្លែងខ្លួន (Mutation) មិនមែនជារឿងដែលគួរតែបារម្ភគ្រប់ពេលវេលាឡើយ។ ភាគច្រើនការប្រែប្រួល ឬបំប្លែងខ្លួនកើតឡើងនៅក្នុងកម្រិតមួយតូចៗតែប៉ុណ្ណោះ។ ការបំប្លែងនេះ ក៏មិនអាចកំណត់ឱ្យច្បាស់បានថា វីរុសនោះនឹងរីកដុះដាលលឿន ឬមានលក្ខណៈកាចសាហាវជាមុនដែរ ដោយពេលខ្លះ ក៏អាចធ្វើឱ្យវីរុសណាមួយមានទម្រង់ខ្សោយជាងមុនក៏ថាបាន។


វេបសាយវិទ្យាសាស្រ្ត breakthroughs.com បានពន្យល់ថា ការសិក្សាទៅលើការបំប្លែងនេះត្រូវបានគេធ្វើឡើងជាពិសេសទៅលើវីរុសផ្តាសាយធំ (Influenza) ហើយក៏ដូចជាវ៉ាក់សាំងប្រឆាំងនឹងវីរុសផ្តាសាយធំនេះដែលត្រូវបានគេផ្លាស់ប្តូរ នឹងធ្វើបច្ចុប្បន្នភាពជាញឹកញាប់។ វីរុសផ្តាសាយធំប្រែប្រួលក្នុងលំនាំចំនួន២ធំៗមាន Antigenic Drift និង Antigenic Shift ។ ការសិក្សាទៅលើវីរុសផ្តាសាយធំអាចផ្តល់ពន្លឺមួយចំនួនសម្រាប់ការយល់ដឹងទៅជំងឺកូវីដ-១៩ ព្រោះជាពពួកវីរុសផ្លូវដង្ហើមដូចគ្នា។  
 
Antigenic Drift  
នៅពេលដែលវីរុសបង្កើតចំនួនខ្លួនវាថ្មី សែន (Gene) របស់វាអាចមានការប្រែប្រួលជាលក្ខណៈធម្មជាតិពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ការប្រែប្រួលនៃសែននេះអាចមានឥទ្ធិពលក្នុងការផ្លាស់ប្តូរទម្រង់នៃសំបកប្រូតេអ៊ីនខាងក្រៅរបស់វីរុស និងអង់ទីសែនរបស់វា។ ប្រព័ន្ធការពាររាង្គកាយរបស់មនុស្សប្រើប្រាស់អង់ទីសែនរបស់មេរោគក្នុងការតាមដាន ចងចាំ និងប្រយុទ្ធប្រឆាំងនឹងមេរោគនោះ។ ប៉ុន្តែនៅពេលដែលមេរោគផ្លាស់ប្តូរអង់ទីសែនរបស់វា ប្រព័ន្ធការពាររបស់មនុស្សអាចមានភាពលំបាកក្នុងការរុករកមេរោគបែបថ្មីមួយនេះ។ 
 
វីរុសដែលបានផ្លាស់ប្តូរទម្រង់អង់ទីសែនរបស់វាហើយ មានលក្ខណៈខុសគ្នាទៅនឹងវីរុសដែលមិនទាន់បានផ្លាស់ប្តូរទម្រង់អង់ទីសែន។ សម្រាប់វីរុសផ្តាសាយធំ លំនាំ Antigenic Drift នេះអាចធ្វើឱ្យវ៉ាក់សាំងចាស់ៗលែង ឬលែងសូវមានប្រសិទ្ធភាពដូចមុន។ ហេតុដូចនេះ មនុស្សទូទៅអាចប្រឈមជាមួយនឹងវីរុសបែបថ្មីនេះបាន។ លំនាំ Antigenic Drift នេះគឺជាមូលហេតុមួយដែលធ្វើឱ្យវ៉ាក់សាំងផ្តាសាយធំត្រូវបានគេផ្លាស់ប្តូរ និងធ្វើបច្ចុប្បន្នភាពជាញឹកញាប់។ 
 
បើនិយាយអំពីវីរុសនៃជំងឺកូវីដ-១៩វិញ វាត្រូវបានគេយល់ថា មិនសូវជាមានការប្រែប្រួលលឿននោះទេ បើប្រៀបធៀបទៅនឹងវីរុសប្រភេទ RNA ដទៃៗ។ ការសិក្សាមួយចំនួនក៏បានបញ្ជាក់ដែរថា វីរុសនៃជំងឺកូវីដ-១៩ មានការប្រែប្រួល៤ដងយឺតជាវីរុសផ្តាសាយធំ។ បើទោះបីជាយ៉ាងនេះក៏ដោយ អ្នកជំនាញនៅតែមិនអាចដឹងច្បាស់ពីវីរុសនៃជំងឺកូវីដ-១៩នៅឡើយទេ។ ការសិក្សាជាច្រើនបន្ថែមទៀត នៅដែលមានលក្ខណៈសំខាន់ និងចាំបាច់ក្នុងការតាមដានដំណើររបស់វា។ 
 
Antigenic Shift  
មេរោគផ្តាសាយធំក៏បានទទួលលំនាំផ្លាស់ប្តូរទម្រង់ធំ ឬ Antigenic Shift ផងដែរ តែការផ្លាស់ប្តូរក្នុងទម្រង់ធំបែបនេះមិនសូវកើតឡើងញឹកញាប់ប៉ុន្មាននោះទេ។ លំនាំនេះអាចកើតឡើងនៅពេលដែលវីរុសផ្តាសាយធំ២ផ្សេងគ្នា (តែមានអម្បូរដូចគ្នា) ចូលទៅរស់នៅក្នុងកោសិកាធ្មួល (ដូចជាកោសិកាមនុស្សជាដើម) ក្នុងពេលតែមួយ។ នៅក្នុងលំនាំនេះ ទិន្នន័យសេនេទិចនៃកោសិកាទាំងពីរអាចលាយបញ្ចូលគ្នាក្នុងដំណើរ «Reassortment» ដើម្បីបង្កើតទៅជាវីរុសបែបថ្មីមួយទៀត។ 
 
នៅពេលដែលវីរុសទទួលរងលំនាំ Antigenic Shift នេះ ប្រព័ន្ធការពាររបស់មនុស្សភាគច្រើនសឹងតែមិនមាន ឬគ្មានសមត្ថភាពក្នុងការទប់ស្កាត់វីរុសបែបថ្មីនេះទេ ហើយវាជាហេតុមួយដែលអាចនាំឱ្យមានការរាតត្បាតជាទ្រង់ទ្រាយធំ ឬជាលក្ខណៈសកល។ 
 
ប៉ុន្តែវីរុសនៃជំងឺកូវីដ-១៩ មិនមានសមត្ថភាពក្នុងការអនុវត្តដំណើរការនៃ Reassortment នេះទេដោយសារតែលក្ខណៈសេនេទិចរបស់វា។ ទោះបីជាយ៉ាងនេះមែន វីរុសនៃជំងឺកូវីដ-១៩ អាចលាយបញ្ចូលគ្នាក្នុងការបង្កើតវីរុសបែបថ្មីបានក្នុងលំនាំមួយទៀតដែលគេហៅថា «Recombination» ។ Recombination មិនមានឥទ្ធិពលខ្លាំងដូច Reassortment នោះទេ។ ម្យ៉ាងវិញទៀត ការរាតត្បាតនៃជំងឺផ្តាសាយធំមិនមែនកើតឡើងដោយសារលំនាំ Antigenic Shift រហូតនោះដែរ។ 
 
ពេលខ្លះ វីរុសមួយចំនួនបានផ្លាស់ប្តូរកន្លែងរស់នៅរបស់វាពីសត្វ (មានដូចជាបក្សី ឬសត្វជ្រូក) មកកាន់ខ្លួនប្រាណមនុស្ស (លំនាំ Zoonosis) ។ វីរុសនៃជំងឺកូវីដ-១៩ ក៏ត្រូវបានគេដឹងថា អាចមានប្រភពមកពីសត្វមួយចំនួនដូចជាប្រចៀវ អូដ្ឋ ឬ ពង្រូល។ 
 
មកទល់ពេលបច្ចុប្បន្ននេះ អ្នកជំនាញបានបង្ហាញថាវីរុសនៃជំងឺកូវីដ-១៩ ទទួលរងការបំប្លែងខ្លួន ប៉ុន្តែមិនមែននៅក្នុងលំនាំ Antigenic Shift នោះទេ។ នេះអាចជាដំណឹងល្អមួយសម្រាប់ការផលិតវ៉ាក់សាំង។ តែវាក៏នៅតែជារឿងសំខាន់ក្នុងការផ្តោតអារម្មណ៍ទៅលើការប្រែប្រួលនៃមេរោគនេះបន្តទៀតនៅក្នុងថ្ងៃអនាគតផងដែរ៕ 
 

Tag:
 អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com