ជាតិ
លោក វេង សាខុន៖ ផលិតភាពមានកម្រិត និងបញ្ហាទីផ្សារ បានរាំងស្ទះការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា
24, Apr 2021 , 10:59 pm        
រូបភាព
លោក វេង សាខុន ក្នុងកិច្ចប្រជុំតុមូលស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ នៅថ្ងៃទី២៣ មេសា ២០២១
លោក វេង សាខុន ក្នុងកិច្ចប្រជុំតុមូលស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ នៅថ្ងៃទី២៣ មេសា ២០២១
ដោយ:
ភ្នំពេញ៖ ផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារកសិកម្ម ដែលពុំទាន់មានដំណោះស្រាយល្អនៅឡើយនោះ គឺជាបញ្ហាប្រឈមចម្បង ក្នុងចំណោមបញ្ហាមួយចំនួនទៀត ដែលបានរារាំងដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា និងជាហេតុធ្វើឱ្យ កសិករកម្ពុជា នៅតែជួបការលំបាក។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅក្នុងកិច្ចប្រជុំតុមូល ស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០២៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរៀបចំដោយធនាគារពិភពលោក នៅថ្ងៃទី២៣មេសានេះ។

 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា បាន និងកំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ជាពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ។ ការលើកឡើងរបស់លោក វេង សាខុនដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូល ស្ដីពីប្រព័ន្ធ ស្បៀងឆ្នាំ២០២៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី២៣មេសា ដែលរៀបចំឡើងដោយ ធនាគារពិភពលោក។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោក វេង សាខុន បានសរសេរថា កិច្ចប្រជុំតុមូលនេះ ក៏មានរដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាពូញូហ្គីនេ វៀតណាម និងទីម័រខាងកើត ចូលរួមផងដែរ ដើម្បីពិភាក្សាលើបញ្ហានានា និងស្វែងរកជម្រើស និងសកម្មភាពជាអាទិភាព ក្នុងការធានាឲ្យបាននូវនិរន្តរភាពនៃសន្តិសុខស្បៀងអាហារ និងអាហាររូបត្ថម្ភ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
 
លោកវេង សាខុន បានលើកឡើងដូច្នេះថា៖«កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិត និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក»។
 
ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម លោកវេង សាខុន រដ្ឋមន្រ្តីកសិកម្ម បានប្រាប់អង្គប្រជុំថា  ក្រសួងកសិកម្មកម្ពុជា បាន និងកំពុង ផ្ដោតសំខាន់លើការងារមួយចំនួន មានដូចជាការលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពនៃដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម ធ្វើយ៉ាងណា ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម ក៏បានជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញឲ្យពលរដ្ឋចិញ្ចឹមសត្វ ជាលក្ខណៈពាណិជ្ជកម្មផងដែរ។ ក្រសួង ក៏យកចិត្តទុកដាក់លើការជំរុញការផលិតចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនការផលិតចំណីសត្វ ធានាគុណភាព សុវត្ថិភាព និងតម្លៃសមរម្យដែរ។
 
ចំណែកឯការអភិវឌ្ឍវារីវប្បកម្ម ក៏កម្ពុជាមិនមើលរំលងដែរ។ បើតាមលោក វេង សាខុន ការជំរុញការអភិវឌ្ឍវារីវប្បកម្មរបស់ក្រសួងកសិកម្ម គឺដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឲ្យបានគ្រប់គ្រាន់ និងបង្កើនចំណូលបន្ថែមដល់កសិករ។ នេះជាដំណោះស្រាយបញ្ហាប្រឈម ដែលលោកវេង សាខុន បានថ្លែងនៅក្នុងកិច្ចប្រជុំតុមូល ស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០២៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
 
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់បន្ថែមដែរ ក្រសួងក៏កំពុងរៀបចំកសាងគម្រោងផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការហូបចុកក្នុងប្រទេសបានគ្រប់គ្រាន់ក្នុងបរិបទកូវីដ-១៩នេះ៕
 
 

Tag:
 វេង សាខុន
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com