COVID-19
ជាតិ
រដ្ឋាភិបាល បើកឲ្យធ្វើដំណើរទូទាំងប្រទេសឡើងវិញ លើកលែងតែរាជធានី-ខេត្ត ដែលត្រូវបិទខ្ទប់
25, Apr 2021 , 11:27 am        
រូបភាព
ទិដ្ឋភាពនៃការដាក់របាំងតាមផ្លូវនៅព្រំប្រទល់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីហាមឃាត់មិនឲ្យមានការធ្វើដំណើរចេញចូលភូមិសាស្រ្តទាំងពីរនេះ ដែលត្រូវបិទខ្ទប់ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ទោះរដ្ឋាភិបាល បើកឲ្យធ្វើដំណើរទូទាំងប្រទេសឡើងវិញ តែប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល មិនទាន់អាចធ្វើដំណើរចេញចូលបានឡើយ ព្រោះភូមិសាស្រ្តទាំងពីរ នៅបន្តស្ថិតក្នុងការបិទខ្ទប់។ រូបថត​ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋ ធ្វើដំណើរនៅទូទាំងប្រទេសបានឡើងវិញ ហើយរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ក៏ត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញដែរ។ ប៉ុន្តែ ចំពោះរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល រួមទាំងខេត្តដទៃទៀត ដែលត្រូវបិទខ្ទប់ នៅតែស្ថិតក្នុងការហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដដែល។

ផ្អែកតាមសេចក្តីសម្រេចដដែល ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្នុងក្រុងតាខ្មៅនៃខេត្តកណ្តាល មិនទាន់អាចធ្វើដំណើរចេញចូលបានទេ ព្រោះរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅជាភូមិស្រ្តបិទខ្ទប់នៅឡើយ។ ប្រជាពលរដ្ឋ ក្នុងតំបន់ឬខេត្តដទៃទៀត ក៏មិនអាចធ្វើដំណើរចេញចូលបានដែរ បើតំបន់ឬខេត្តនោះ ត្រូវដាក់ជាតំបន់បិទខ្ទប់។ ប្រជាពលរដ្ឋក្នុងតំបន់ឬខេត្តណា ដែលមិនត្រូវបិទខ្ទប់ គឺអាចធ្វើដំណើរបានជាធម្មតា។ 

រដ្ឋាភិបាល បានចេញសេចក្តីសម្រេចលើកទី១ ដោយហាមការធ្វើដំណើរនៅទូទាំងប្រទេស ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ក្រោយមក រដ្ឋាភិបាល ចេញសេចក្តីសម្រេចលើកទី២ ដោយបន្តការហាមធ្វើដំណើរនៅទូទាំងប្រទេស រហូតថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ តែទីបំផុត រដ្ឋាភិបាល បានសម្រេចលុបចោលការហាមធ្វើដំណើរនៅទូទាំងប្រទេស នៅមុនកាលកំណត់ តាមរយៈសេចក្តីសម្រេចលើកទី៣ ដែលចេញថ្ងទី២៥ ខែមេសា ឆ្នាំ២០២១នេះ។ 

រដ្ឋាភិបាល ដាក់បម្រាមមិនឲ្យធ្វើដំណើរនៅទូទាំងប្រទេសមួយរយៈពេលខ្លីនេះ គឺដើម្បីទប់ស្កាត់ការរាលជំងឺកូវីដ-១៩ ហើយរាជធានី-ខេត្ត និងតំបន់ខ្លះទៀត ត្រូវបិទខ្ទប់ ក៏ស្ថិតក្នុងគោលបំណងទប់ស្កាត់ជំងឺនេះដែរ៕

Tag:
 COVID-19
  បើកឲ្យធ្វើដំណើរ
© រក្សាសិទ្ធិដោយ thmeythmey.com