ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្គាល់ ប៉ុន្តែតិចអត់ដឹង “រមៀត” អាចប្រើដោះស្រាយបញ្ហាសុខភាពនិងសម្រស់បានជាច្រើន
26, Apr 2021 , 6:59 am        
រូបភាព
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់រមៀតចំពោះសុខភាពរាងកាយនិងសម្រស់ ប៉ុន្តែប្រហែលជាមិនចាប់អារម្មណ៍ទេថាវាអាចយកមកប្រើបែបណា ហើយដោះស្រាយបញ្ហាអ្វីបានខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់រមៀតដោះស្រាយបញ្ហាសម្រស់និងសុខភាព ៖

 
១. រូបមន្តកម្ចាត់មុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺយកម្ស៉ៅរមៀត ១ ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារចំនួនសមល្មម និងទឹកដោះគោស្រស់ កូរឱ្យសព្វចូលគ្នា​ សឹមលាបល្បាយលើតំបន់ស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចលាយម្សៅរមៀត ១ចុងស្លាបព្រាកាហ្វេជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ៣ដងក្នុងមួយសប្តាហ៍។
 
២. រូបមន្តជួយឱ្យធ្មេញសជាងមុន
 
ជ្រលក់ច្រាសដុសធ្មេញក្នុងប្រេងអូលីវ បន្ទាប់មកជ្រលក់ក្នុងមើមរមៀតដែលបានបុក ឬដំរួច និងដុសសម្អាតធ្មេញដូចពេលធម្មតាសម្រាប់រយៈពេល ៣នាទី។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
 
៣. រូបមន្តពន្លឿនការលូតលាស់សក់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀត ១ស្លាបព្រាបាយជាមួយប្រេងបន្លែ ៥០មីលីលីត្រ។ លាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញឱ្យបានពី ១ ទៅ ៣ដងក្នុងមួយសប្តាហ៍។
 
៤. រូបមន្តធ្វើឱ្យអារម្មណ៍ប្រសើរនិងជម្រុញមុខងារខួរក្បាល
 
អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមរមៀតម៉ដ្ឋ ១ភាគ២នៃស្លាបព្រាកាហ្វេ, ម្រេចខ្មៅម៉ដ្ឋ ១ភាគ២នៃស្លាបព្រាកាហ្វេ ក្នុងទឹកត្រជាក់ ១កែវ រួចដាក់ក្រូចឆ្មារ ១បន្ទះចូល។ ទទួលទានម្ដងក្នុងមួយថ្ងៃ! ទោះជាយ៉ាងណាភេសជ្ជៈនេះមិនសាកសមសម្រាប់អ្នកដែលមានបញ្ហាក្រពះឡើយ។
 
៥. រូបមន្តបន្ថយការឈឺចាប់សន្លាក់
 
លាយម្សៅរមៀត ១ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយនិងខ្ទឹមសដែលបុករួចពី ២ ទៅ ៣កំពឹស។ បន្ទាប់មកលាបល្បាយលើសន្លាក់ដែលឈឺចាប់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ អនុវត្តជាប្រចាំសម្រាប់រយៈពេល ២សប្តាហ៍ពេញ។
 
៦. កម្ចាត់ស្នាមសំលាកលើមុខ
 
លាយម្សៅរមៀតកន្លះស្លាបព្រាបាយជាមួយជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេល ៣០ នាទីសឹមលាងសម្អាតចេញ។ អនុត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
 
៧. រូបមន្តជួយឱ្យស្រកទម្ងន់
 
លាយម្សៅរមៀត ឬរមៀតម៉ដ្ឋ ១ភាគ២នៃស្លាបព្រាកាហ្វេជាមួយទឹកដោះគោស្រស់ ១កែវ។ កូរឱ្យសព្វ សឹមទទួលទានរាល់ថ្ងៃនៅពេលព្រឹកនិងល្ងាច។
 
៨. រូបមន្តជួយបំបាត់អាការៈឈឹបំពង់ក
 
លាយអំបិល ១ភាគ២នៃស្លាបព្រាកាហ្វេជាមួយរមៀតម៉ដ្ឋ ១ភាគ២នៃស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយឱ្យទាន់នៅក្ដៅឧណ្ហៗ។ អនុវត្ត ៣ដងក្នុងមួយសប្តាហ៍៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com