COVID-19
អន្តរជាតិ
អាមេរិក ត្រៀមជួយឥណ្ឌាដែលកំពុងរងការវាយប្រហារខ្លាំងដោយកូវីដ-១៩
25, Apr 2021 , 8:19 pm        
រូបភាព
ជាថ្មីម្ដងទៀត ឥណ្ឌាបានបង្កើតកំណត់ត្រាថ្មីជាមួយការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជិត៣៥ម៉ឺននាក់នៅថ្ងៃទី២៥ ខែមេសា។ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី និយាយថា ប្រទេសរបស់លោកកំពុងរងគ្រោះដោយសារព្យុះកូវីដ-១៩ និងស្នើឱ្យប្រជាជនទាំងអស់ប្រុងប្រយ័ត្ន ហើយនាំគ្នាទៅទទួលវ៉ាក់សាំង។ អាមេរិកឯណោះវិញ ក៏ប្រកាសត្រៀមផ្ដល់ជំនួយឱ្យសម្ពន្ធមិត្តជិតស្និទ្ធប្រចាំអាស៊ីមួយនេះដែរ។

 
ថ្ងៃទី២៥ ខែមេសា ជាថ្ងៃទី៤ ដែលឥណ្ឌាកត់ត្រាករណីឆ្លងថ្មីលើស៣០ម៉ឺននាក់ ដោយករណីឆ្លងថ្មីមានដល់៣៤៩៦៩១នាក់នៅ២៤ម៉ោងចុងក្រោយ។ មន្ទីរពេទ្យនៅរដ្ឋធានីញូវដែលី និងនៅរដ្ឋនានា បដិសេធមិនទទួលអ្នកជំងឺឡើយ ដោយសារខ្វះគ្រែ និងអុកស៊ីសែន។
 
នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ហៅរលកឆ្លងថ្មីនេះជាព្យុះដែលធ្វើឱ្យរញ្ជួយឥណ្ឌា បន្ទាប់ពីបានឆ្លងផុតរលកឆ្លងលើកមុន។ ប្រមុខរដ្ឋាភិបាលឥណ្ឌារូបនេះ អំពាវនាវឱ្យប្រជាជនទាំងអស់ ទៅទទួលវ៉ាក់សាំង ហើយប្រយ័ត្នប្រយែងខ្លាំង។ បច្ចុប្បន្ន ឥណ្ឌា ប្រើប្រាស់វ៉ាក់សាំងពីរមុខ គឺវ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅឥណ្ឌាផ្ទាល់ និងវ៉ាក់សាំង Covaxin ដែលអភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech ។
 
ខណៈឥណ្ឌាកំពុងរងគ្រោះខ្លាំង អាមេរិកក៏ប្រកាសត្រៀមជួយផងដែរ។ នៅលើបណ្ដាញសង្គម Twitter របស់ខ្លួន រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន បានបង្ហាញសមានទុក្ខចំពោះប្រជាជនឥណ្ឌាអំឡុងពេលនេះ។
 
«យើងកំពុងធ្វើការជិតស្និទ្ធជាមួយដៃគូរបស់យើងក្នុងរដ្ឋាភិបាលឥណ្ឌា ហើយយើងនឹងផ្ដល់ជំនួយភ្លាមសម្រាប់ប្រជាជនឥណ្ឌា និងវីរបុរសសុខាភិបាលឥណ្ឌា។» លោក ប្ល៊ីងខិន សរសេរបែបនេះនៅថ្ងៃទី២៥ ខែមេសា។ លោកមិនបញ្ជាក់ឱ្យច្បាស់ពីជំនួយអ្វីឡើយ ប៉ុន្តែកន្លងមក ឥណ្ឌាធ្លាប់ស្នើឱ្យអាមេរិកដកចោលការរឹតត្បិតការនាំចេញវត្ថុធាតុដើមសម្រាប់ការផលិតវ៉ាក់សាំង។  
 
វិទ្យាស្ថាន Serum ដែលជាក្រុមហ៊ុនផលិតឱសថធំជាងគេលើពិភពលោក បានស្នើឱ្យរដ្ឋបាល ប្រធានាធិបតី ចូ បៃឌិន ដកព្យួរបម្រាមនេះសិន ព្រោះវារារាំងផលិតកម្មវ៉ាក់សាំងរបស់ AstraZeneca  ដែលមានតម្រូវការខ្លាំងនៅឥណ្ឌាផង និងសម្រាប់យន្តការ COVAX ផង។ 
 
 តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌាហក់ឡើងដល់ជិត១៧នាក់ហើយ ជាមួយអ្នកស្លាប់ជាង១៩ម៉ឺននាក់។ កាលពីខែមុន ពេលករណីឆ្លងហក់ឡើងខ្លាំង តួលេខឆ្លងសរុបកើនឡើង៨ដង ឯចំនួនអ្នកស្លាប់កើន១០ដងឯណោះ៕
 

Tag:
 អាមេរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com