COVID-19
ជាតិ
WHO៖ មិនទាន់យឺតពេលឡើយ រដ្ឋ ឯកជន និងពលរដ្ឋកម្ពុជា ត្រូវបន្តរួមគ្នាទប់ស្កាត់កូវីដ-១៩
26, Apr 2021 , 11:32 am        
រូបភាព
អ្នកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាឱកាសប្រគល់ និងទទួលវ៉ាក់សាំង ក្រោមយន្តការ COVAX មកកាន់កម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២ មីនា ឆ្នាំ២០២១។
អ្នកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាឱកាសប្រគល់ និងទទួលវ៉ាក់សាំង ក្រោមយន្តការ COVAX មកកាន់កម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ២ មីនា ឆ្នាំ២០២១។
អ្នកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានអំពាវនាវឱ្យមានការរួបរួមសាមគ្គីគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋកម្ពុជាគ្រប់ៗរូប ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ការអំពាវនាវនេះធ្វើ ​បន្ទាប់ពីការអត្រាឆ្លងប្រចាំថ្ងៃនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ​ អ្នកវិជ្ជមានថ្មី មានចន្លោះ ២៩១ទៅ៦៥៦នាក់ ក្នុងមួយថ្ងៃ។ ​

 
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ WHO នៅថ្ងៃទី២៥ មេសា អ្នកស្រី លី អៃឡាន បានមានប្រសាសន៍ដូច្នេះ ៖«​វាមិនទាន់យឺតពេលក្នុងការបង្វែរស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ជាប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព»។
 
សម្រាប់ អ្នកស្រី លី អៃឡាន ដើម្បី​អាចដោះស្រាយបញ្ហារាតត្បាត នៃជំងឺកូវីដ-១៩ ​ដោយប្រសិទ្ធភាព ចាំបាច់ណាស់ត្រូវមានធាតុផ្សំចំនួន ៣ នោះគឺ​ថ្នាក់ដឹកនាំ ត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ហើយទី២ សង្គមទាំងមូលត្រូវតែចូលរួម និងទី៣ពលរដ្ឋគ្រប់គ្នា ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធានការសុខាភិបាល​ទដែលបានដាក់ចេញ។
 
«នៅពេលដែលសមាសធាតុទាំងអស់នេះរួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន»។ នេះជាការបន្ថែមរបស់ អ្នកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ដោយបានបន្តបន្ថែមថា ការសម្រេចិត្តទ្រង់ទាយតូចៗប្រចាំថ្ងៃ របស់បុគ្គលគ្រប់រូប ដូចជាការកន្លែងគួរទៅ ឬមិនគួរទៅ ឬពេលណាគួរទៅធ្វើការ ឬមិនគួរនោះ គឺអាចកំណត់ពីជោគជ័យ ឬបរាជ័យរបស់ប្រទេសកម្ពុជា ក្នុងការបញ្ឈប់ការចម្លងនៃជំងឺកូវីដ-១៩បាន។ 
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជា គិតមកដល់ពេលនេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ជិត ១ម៉ឺនករណី ជាង៩៤០០ករណី ​ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន​៣ ៤០០នាក់ ខណៈចំនួនអ្នកស្លាប់ឡើងដល់​៧៤នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com