COVID-19
ជាតិ
ទារក និងកុមារក្នុងតំបន់ក្រហមទទួលបានម្សៅទឹកដោះគោពីលោក ហ៊ុន ម៉ានី និងភរិយា
26, Apr 2021 , 1:18 pm        
រូបភាព
ដោយ៖វិច្ឆិកា
 
ក្រុមការងាររបស់លោក ហ៊ុន ម៉ានី កំពុងចែកជំនួយឧបត្ថម្ភជាម្សៅទឹកដោះគោដល់គ្រួសារដែលមានកុមារតូច និងទារក នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ការផ្តល់ជំនួយដល់កុមារតូច និងទារក ត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្រកាសស្វែងរកជំនួយតាមរយៈបណ្ដាញសង្គម ពីក្រុមគ្រួសារដែលមានកូនតូច និងកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ដែលមានស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។

 
កុមារតូចម្នាក់ ឬទារកតូចម្នាក់ត្រូវទទួលបានម្សៅទឹកដោះចំនួនពីរកំប៉ុង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងាររបស់លោក ហ៊ុន ម៉ានី បានផ្ដល់អំណោយម្សៅទឹកដោះគោដល់អ្នកភូមិចំនួន៥៧គ្រួសារហើយ។ ពួកគេគឺជាពលរដ្ឋដែលរស់នៅសង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ ដែលត្រូវបានកំណត់ជាតំបន់ក្រហមដែលឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំងនៅក្នុងខណ្ឌមានជ័យ។  ក្នុងចំណោមគ្រួសារដែលទទួលបាន ជំនួយសប្បុរសទាំងនេះ  មាន បុរសម្នាក់ដែលចិញ្ចឹមទារកតែម្នាក់ បានទទួលជំនួយច្រើនជាងគេ គឺ ម្សៅទឹកដោះគោ មួយកេស ដបបំបៅ និងសម្ភារ ប្រើប្រាស់របស់ទារក ដទៃទៀត។

អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានផ្ដល់កិច្ចសហការដើម្បីនាំយកអំណោយទាំងនេះជូនអ្នកភូមិរបស់ពួកគេ។

ការផ្តល់ជំនួយម្សៅទឹកដោះគោ កំពុងត្រូវធ្វើបន្តទៀតខណ្ឌពោធិ៍សែនជ័យ និងនៅទីកន្លែងផ្សេងទៀត បើសិនជាមានតម្រូវការពីអ្នកភូមិ៕
 

  
 


 
 




 
 
 

Tag:
 កុមារ
 តំបន់ក្រហម
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com