ជាតិ
សង្គមជាតិ
អ្នកជំងឺកូវីដ-១៩នៅខេត្តក្រចេះ ជាសះស្បើយអស់ហើយ
26, Apr 2021 , 2:26 pm        
រូបភាព
លោក វ៉ា ថន អភិបាលខេត្តក្រចេះ រូបភាពពីរដ្ឋបាលខេត្តក្រចេះ
លោក វ៉ា ថន អភិបាលខេត្តក្រចេះ រូបភាពពីរដ្ឋបាលខេត្តក្រចេះ
ដោយ:
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ នៅខេត្តក្រចេះបានជាសះស្បើយអស់ហើយ។ នេះបើតាមការផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

 
តាមរដ្ឋបាលខេត្តក្រចេះ ក្នុងចំណោមអ្នកជំងឺទាំង៣នាក់ដែលបានជាសះស្បើយនោះ ដោយម្នាក់ជាកម្មការិនីរោងចក្រឌីនហាន ដែលមានស្រុកកំណើតនៅស្រុកស្នូល ខេត្តក្រចេះ បានធ្វើដំណើរពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមេសា។ 
 
ចំណែកអ្នកជំងឺ២នាក់ទៀតជាអ្នកប៉ះពាល់ផ្ទាល់នឹងកម្មការិនីរោងចក្រខាងលើ ដោយម្នាក់ជាមិត្តរួមការងារ និងម្នាក់ទៀតជាពលរដ្ឋនៅក្នុងស្រុកអង្គស្នួលផងដែរ។ 
 
បច្ចុប្បន្នអ្នកជំងឺទាំង៣នាក់នោះត្រូវបានពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តក្រចេះហើយ។ ដូច្នេះខេត្តក្រចេះអស់អ្នកជំងឺកូវីដ-១៩ហើយ។ ប៉ុន្តែយ៉ាងណារដ្ឋបាលខេត្តក្រចេះក៏នៅតែអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។ 
 
 ខេត្តក្រចេះ ក៏ជាខេត្តមួយដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩តិចជាងគេផងដែរ ក្នុងចំណោមខេត្តព្រះវិហារ កំពត កែប ឧត្តរមានជ័យ និងពោធិ៍សាត់។ ខេត្តទាំងនេះមានអ្នកឆ្លងក្រោម១០នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)ដែលគិតត្រឹមថ្ងៃទី២៥ ខែមេសា៕ 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com