ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ បង្កើតផ្សារបណ្ដោះអាសន្ន និងតម្រូវឱ្យអ្នកទិញម្ហូបម្នាក់អាចចូលត្រឹម២០នាទីប៉ុណ្ណោះ
26, Apr 2021 , 11:58 pm        
រូបភាព
ដោយ:
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំផ្សារបណ្ដោះអាសន្ន នៅតំបន់បិទខ្ទប់ ដែលស្ថិតក្នុងបរិវេណផ្សារទំនើប Furi ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋនៅតំបន់នោះ។ ផ្សារបណ្ដោះអាសន្ននេះ ចាប់បើករាល់ថ្ងៃពីម៉ោង៨ព្រឹករហូតម៉ោង ៣រសៀល ហើយអ្នកចូលផ្សារទិញម្ហូបម្នាក់អាចចូលផ្សារត្រឹម២០នាទីប៉ុណ្ណោះ។

 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ការរៀបចំទីតាំងផ្សារបណ្ដោះអាសន្ននេះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ដោយមានការរឹតបន្តឹងក្នុងការធ្វើដំណើរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យឆ្លងរាលដាលនៅក្នុងសហគមន៍ ខណៈក្រុងព្រះសីហនុកំពុងមានការឆ្លងរាលដាលកើនឡើង។


ផ្សារបណ្ដោះអាសន្នខេត្តព្រះសីហនុ 

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា៖ «អ្នកចូលផ្សារត្រូវធ្វើដំណើរថ្មើរជើង រក្សាគម្លាតសុវត្ថិភាព ដើរឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល និងវាស់កម្ដៅជានិច្ច ហើយពេលមកដល់ច្រកចូលផ្សារត្រូវស្កេនទីតាំងផ្សារចូលក្នុងទូរសព្ទដៃ។ ត្រូវតម្រង់ជួរ និងរក្សាគម្លាតសុវត្ថិភាព ហើយអនុញ្ញាតឲ្យចូលត្រឹម២០នាទីប៉ុណ្ណោះ ត្រូវប្រញាប់ចេញពីផ្សារវិញ»។
 
តាមស្តង់ដារប្រតិបត្តិសម្រាប់ផ្សារបណ្ដោះអាសន្ន អ្នកគ្រប់គ្រងផ្សារត្រូវរៀបចំខ្សែសុវត្ថិភាពព័ន្ធជុំវិញតូប ឬស្តង់ ដើម្បីរក្សាសុវត្ថិភាពរវាងអ្នកលក់ និងអ្នកទិញ ហើយក្រុមការងារត្រូវបាញ់ថ្នាំសម្លាប់មេរោគរាល់ថ្ងៃក្រោយបិទផ្សារ។ ជាមួយគ្នានេះ ពលរដ្ឋដែលទៅផ្សារទិញម្ហូប ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរសង្កាត់នីមួយៗ និងតម្រូវឱ្យចូលផ្សារម្នាក់ឯង ដោយត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ក្នុងមួយសប្ដាហ៍ អនុញ្ញាតឱ្យពលរដ្ឋទៅផ្សារទិញម្ហូប ២ដងប៉ុណ្ណោះ ដោយត្រូវប្រើប្រាស់ប្រព័ន្ធទូទាត់បែបអេឡិចត្រូនិច និងត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរគ្រប់គ្រងផ្សារដាច់ខាត។ 
 


រូបភាព៖រដ្ឋបាលខេត្តព្រះសីហនុ

សម្រាប់អាជីវករដែលអាចលក់ក្នុងផ្សារបណ្ដោះអាសន្ន ត្រូវមានលទ្ធផលតេស្ដអវិជ្ជមានកូវីដ-១៩ ចំនួន២ដ និងត្រូវធ្វើតេស្តរៀងរាល់៧ថ្ងៃម្ដង។ គ្រប់អាជីវករ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងមានប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ អាជីវករទាំងអស់ត្រូវដឹកទំនិញទៅលក់ឲ្យបានមុនម៉ោង៧ព្រឹក និងបញ្ឍប់ការលក់នៅម៉ោង ៣រសៀលជាកំហិត ដោយត្រូវបិទតារាងតម្លៃលើមុខទំនិញទាំងអស់។
 
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាឱកាសចុះត្រួតពិនិត្យផ្សារបណ្ដោះអាសន្ននៅថ្ងៃទី២៥ ខែមេសា បានស្នើដល់អ្នកគ្រប់គ្រងផ្សារ និងអាជីវករលក់ដូរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើសកម្មភាពលក់ដូរ ចាំបាច់ត្រូវអនុវត្តតាមស្តង់ដារប្រតិបត្តិរបស់ផ្សារ និងត្រូវរក្សាអនាម័យ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព។ បន្ថែមលើនោះលោកអភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅជិតផ្សារទំនើប Furi អញ្ជើញទៅទិញគ្រឿងឧបភោគបរិភោគ ដូចជាត្រី សាច់ បន្លែ ផ្លែឈើ និងគ្រឿងទេសច្រើនមុខទៀត។ 
 
ការបង្កើតផ្សារបណ្ដោះអាសន្នខាងលើបន្ទាប់ពីខេត្តព្រះសីហនុ មានអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ខ្ពស់ រហូតរដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទខ្ទប់ខេត្តព្រះសីហនុ និងបានកំណត់ភូមិសាស្រ្តមួយចំនួនដូចជា ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុជា«តំបន់ក្រហម» ៕


 អាជីវករលក់ដូរក្នុងផ្សារបណ្ដោះអាសន្នខេត្តព្រះសីហនុ
 
 
 

Tag:
 ព្រះសីហនុ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com