អន្តរជាតិ
មុនមានបញ្ហា នាវិកនាវាមុជទឹកឥណ្ឌូណេស៊ី ច្រៀងបទលាគ្នា
27, Apr 2021 , 11:59 am        
រូបភាព
រូបភាពមួយនៃកងនាវិកឥណ្ឌូណេស៊ីដែលថតវីដេអូទុក មុនពេលមានហេតុការណ៍លិចនាវាមុជទឹក។ រូបភាព៖ Instagram_erixsoekamti
រូបភាពមួយនៃកងនាវិកឥណ្ឌូណេស៊ីដែលថតវីដេអូទុក មុនពេលមានហេតុការណ៍លិចនាវាមុជទឹក។ រូបភាព៖ Instagram_erixsoekamti
កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានបញ្ចេញវីដេអូមួយ ដែលមានកងនាវិកនៃនាវាមុជទឹកលិចចូលទៅក្នុងសមុទ្រ។ ក្នុងវីដេអូនោះ កងនាវិក បានច្រៀនចម្រៀងបទ «លាហើយ» ។ 
នាវាមុជទឹក KRI Nanggala 402  ត្រូវបានឥណ្ឌូណេស៊ីប្រកាសរកឃើញនៅថ្ងៃទី២៥ ខែមេសា ដោយនាវាមុជទឹកនោះ បានបាក់ជាបីកំណាត់ចូលទៅក្នុងសមុទ្រ។ កងនាវិកចំនួន ៥៣រូប ក៏បានបាត់បង់ជីវិតផងដែរ។ មកទល់ពេលនេះ ឥណ្ឌូណេស៊ី មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ឡើយ។

 

 
នៅក្នុងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមេសា កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានបញ្ចេញវីដេអូមួយ ដែលមានកងនាវិកមួយចំនួន ក្នុងចំណោមអ្នកស្លាប់ទាំង ៥៣រូប បានច្រៀងចម្រៀង «លាហើយ»។ ក្នុងវីដេអូនោះ ក៏មានវត្តមានរបស់លោកមេបញ្ជាការនាវាមុជទឹក Heri Oktavian ផងដែរ។ 
 
«បើទោះខ្ញុំមិនទាន់ត្រៀមខ្លួននឹងនឹកអ្នក, រស់នៅដោយគ្មានអ្នក ខ្ញុំជូនពរអ្នកឱ្យជួបតែសំណាងល្អ»។ កងនាវិកបានច្រៀងបែបនេះ ក្នុងវីដេអូមួយ ដែលបានថតទុកនៅពីរ ឬបីសប្តាហ៍មុនពេលនាវាមុជទឹក KRI  Nanggala បានលិច។ 
 
អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី លោក Djawara Whimbo បានអះអាងថា វីដេអូ ត្រូវបានថតទុកនោះ គឺជាចម្រៀង ដែលជូនទៅកាន់មេបញ្ជាការនាវាមុជទឹកមួយរូប ដែលបានចាកចេញពីតំណែងរបស់ខ្លួន។ 
 
គួររំលឹកថា នាវាមុជទឹក KRI Nanggala 402 បានបាត់ការទាក់ទងនៅព្រឹកថ្ងៃទី២១ ខែមេសាកន្លងទៅអំឡុងពេលលំហាត់មួយក្បែរកោះបាលី។ នាវាមុជទឹកប្រភេទនេះ ត្រូវបានសាងសង់នៅឆ្នាំ១៩៨១។ នៅឆ្នាំ២០១២ នាវានេះត្រូវឆ្លងកាត់ការជួសជុលនៅកូរ៉េខាងត្បូង៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com