កីឡាអន្តរជាតិ
អន្តរជាតិ
Shearer និង Henry ជាប់ឈ្មោះក្នុង Hall of Fame ដំបូងគេនៅ EPL
27, Apr 2021 , 2:05 pm        
រូបភាព
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសលោក Alan Shearer និងអតីតខ្សែប្រយុទ្ធឆ្នើមរបស់បារាំង Thierry Henry បានក្លាយជាមនុស្សដំបូងគេក្នុងវិស័យបាល់ទាត់ដែលជាប់ឈ្មោះជាកីឡាករដ៏មានកិត្តិនាមនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League Hall of Fame)។


 
Hall of Fame ជាពានកិត្តិយសសម្រាប់ផ្តល់ជូនបុគ្គលខ្ពង់ខ្ពស់បំផុតសម្រាប់អតីតកីឡាករនៅ Premier League។ លីគកំពូលអង់គ្លេស បង្កើតពានកិត្តិយសនេះឡើង ដើម្បីជាការអបអរចំពោះទេពកោសល្យ និងសមិទ្ធផលរបស់កីឡារក អំឡុងពួកគេប្រកអាជីពជាកីឡាករបាល់ទាត់។ ពាននេះ ផ្តល់ជូនតាមរយៈការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ សម្រាប់កីឡាករដែលផ្តើមអាជីពចន្លោះឆ្នាំ១៩៩២ និងចូលនិវត្តន៍វិញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។
 
Shearer និង Henry ត្រូវបានផ្តល់ជូនពាន Hall of Fame នេះដំបូងគេនៅឆ្នាំ២០២១ ខណៈ៦រូបផ្សេងទៀតនឹងប្រកាសជ្រើសរើសជាបន្តបន្ទាប់ ក្នុងចំណោមបញ្ជឺឈ្មោះបេក្ខភាព២៣នាក់។
Shearer ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងកំណត់ត្រា Premier League ដោយរកបាន ២៦០ គ្រាប់សម្រាប់ Blackburn Rovers ដែលរូបគេធ្លាប់ជួយឱ្យឈ្នះជើងឯកនៅឆ្នាំ ១៩៩៥ និង Newcastle United ចំណោម៤៤១ប្រកួត ក្នុង១៤រដូវកាល។ បុរសវ័យ៥០ឆ្នាំរូបនេះ ស៊ុតឱ្យ Blackburn សរុប ១១២គ្រាប់ និង Newcastle ចំនួន១៤៨គ្រាប់។
 
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ធ្លាប់ឈ្នះស្បែកជើងមាស Golden Boot ចំនួន៣លើក និងជាកីឡាករតែម្នាក់គត់ដែលរកបានលើសពី១០០គ្រាប់សម្រាប់ក្លិប២ផ្សេងគ្នានៅលីគកំពូលអង់គ្លេស។
  


Henry វីរបុរស Arsenal បានស៊ុតបញ្ចូលទីជាកំណត់ត្រាក្លិបចំនួន ១៧៥ នៅ Premier League ក្នុងការបង្ហាញខ្លួន ២៥៨ ប្រកួត។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង វ័យ៤៣ឆ្នាំរូបនេះជួយកាំភ្លើងធំឈ្នះជើងឯកលីគកំពូលអង់គ្លេស២សម័យ អំឡុងរួមរស់ជាមួយក្លិបក្នុងក្រុងឡុងដ៍ ចន្លោះឆ្នាំ ១៩៩៩ ដល់២០០៧ មុនផ្លាស់ទៅ Barcelona។ Henry ក៏បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ខ្លួនផងដែរ ដោយឈ្នះស្បែកជើងមាស Golden Boot ចំនួន៤លើកជាកំណត់ត្រា Premier League។
 
ដោយឡែកបញ្ជីឈ្មោះបេក្ខភាព ២៣ នាក់ផ្សេងទៀត ដែលត្រូវសម្រេចយក ៦ នាក់ចុងក្រោយក្នុងនាមជាម្ចាស់ពាន Premier League Hall of Fame នឹងត្រូវប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
 
បេក្ខភាពទាំង២៣រូបនោះមានដូចជា Tony Adams, David Beckham, Dennis Bergkamp, Sol Campbell, Eric Cantona, Andrew Cole, Ashley Cole, Didier Drogba, Les Ferdinand, Rio Ferdinand, Robbie Fowler, Steven Gerrard, Roy Keane, Frank Lampard, Matt Le Tissier, Michael Owen, Peter Schmeichel, Paul Scholes, John Terry, Robin van Persie, Nemanja Vidic, Patrick Viera និង Ian Wright៕


 

Tag:
 Premier League Hall of Fame
  Alan Shearer
  Thierry Henry
© រក្សាសិទ្ធិដោយ thmeythmey.com