កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ស៊ើបអង្កេត Zlatan ជុំវិញការជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនភ្នាល់
27, Apr 2021 , 4:40 pm        
រូបភាព
Zlatan Ibrahimovic ខ្សែប្រយុទ្ធក្រុម AC Milan ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ស៊ើបអង្កេតជុំវិញការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនភ្នាល់មួយ។ ការស៊ើបអង្កេតនេះ កើតឡើងក្រោយមានរបាយការណ៍នៅស៊ុយអែតបង្ហាញថា Ibrahimovic ក្លាយជាដៃគូជាមួយក្រុមហ៊ុនភ្នាល់នោះ។


បើយោងតាមរបាយការណ៍ដែលបានបង្ហាញពីប្រទេសស៊ុយអែតជាទីកំណើតរបស់ Ibrahimovic រូបគេប្រាកដជាល្មើសនឹងច្បាប់ UEFA ក្រោយក្លាយជាដៃគូនៅក្នុងក្រុមហ៊ុនភ្នាល់។ ច្បាប់វិន័យរបស់ UEFA ចែងថា រាល់កីឡាករបាល់ទាត់អាជីពមិនឱ្យមានទំនាក់ទំនង ឬទទួលបានថវិការពីក្រុមហ៊ុនភ្នាល់នោះទេ។
 
យ៉ាងណា ខ្សែប្រយុទ្ធ វ័យ៣៩ឆ្នាំ ដែលទើបយល់ព្រមបន្តកិច្ចសន្យាជាមួយ AC Milan រយៈពេល១ឆ្នាំទៀតកាលពីសប្តាហ៍មុន នឹងត្រូវស្ថិតក្រោមការស៊ើបអង្កេតបន្តទៀតដើម្បីឱ្យមានភាពស៊ីជម្រៅ។
 
«ច្បាប់ក្រមសីលធម៌ UEFA និងអ្នកត្រួតពិនិត្យវិន័យ ត្រូវបានតែងតាំងដើម្បីស៊ើបអង្កេតលើ Zlatan Ibrahimovic ដែលមានជាប់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុជាមួយក្រុមហ៊ុនភ្នាល់»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ប្រសិនបើស្ថាប័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបរកឃើញថាមានកំហុស នោះ Ibrahimovic នឹងត្រូវបង់ប្រាក់ពិន័យចំនួន ១០ ម៉ឺនហ្វ្រង់ស្វ៊ីស (ជាង១០ម៉ឺនដុល្លារអាមេរិក) ហើយនឹងត្រូវហាមឃាត់ពីសកម្មភាពកីឡាបាល់ទាត់ណាមួយរយៈពេល ក្នុងចំនួនច្រើនបំផុត ៣ ឆ្នាំ។
 
Ibrahimovic ដែលត្រូវបានក្រុមជម្រើសជាតិស៊ុយអែតកោះហៅឱ្យចូលរួមក្រុមឡើងវិញ រកបាន ១៧ គ្រាប់ក្នុងការបង្ហាញខ្លួន ២៥ ប្រកួតសម្រាប់ AC Milan នៅរដូវកាល ២០២០-២១ នេះ៕
 

Tag:
 Zlatan Ibrahimovic
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com