COVID-19
ជាតិ
ពលរដ្ឋនៅភ្នំពេញ ២០៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារល្មើសបម្រាមបិទខ្ទប់
27, Apr 2021 , 8:29 pm        
រូបភាព
អ្នកល្មើសបម្រាមបិទខ្ទប់។ រូបភាពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកល្មើសបម្រាមបិទខ្ទប់។ រូបភាពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ មនុស្ស ២០៦នាក់ហើយ ត្រូវបានសមត្ថកិច្ចពិន័យអន្តរការណ៍ និងខ្លះត្រូវបានបញ្ជូនទៅតុលាការ ដោយសារល្មើសបម្រាមបិទខ្ទប់របស់រដ្ឋាភិបាល។ នេះជាការអះអាងពី លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។


លោក សាន សុខសីហា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ថា ពលរដ្ឋទាំង២០៦នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន គឺជាអ្នកបំពានវិធានការណ៍រដ្ឋបាលមាត្រា១០ និងបទរារាំងដល់ការអនុវត្តវិធានការមាត្រា១១។ បើតាមលោក សុខសីហា អ្នកល្មើសច្បាប់ទាំងនោះ ភាគច្រើនគឺជាអ្នកចេញក្រៅផ្ទះពុំមានការអនុញ្ញាត និងជួបជុំសេពគ្រឿងស្រវឹង។
 
ចាប់ពីថ្ងៃទី១៥មេសា រហូតដល់ព្រឹកថ្ងៃទី២៦មេសានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២០៦នាក់ ភាគច្រើនគឺពិន័យអន្តរការណ៍តាមច្បាប់ដែលបានកំណត់។ លោក សុខសីហា បន្ថែមថា៖ «អ្នកល្មើសបម្រាមទាំងនោះ តុលាការបានចេញដីកាឃុំខ្លួន ០៧នាក់, កំពុងបន្តនីតិវិធីនៅតុលាការ ០៥នាក់, សាកសួរនៅអធិការខណ្ឌ ០៦នាក់ និងណែនាំអប់រំ ១៤នាក់»។
 
ដោយឡែកនៅរសៀលថ្ងៃទី២៦មេសា តាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ទៀត បានជួបជុំសេពគ្រឿងស្រវឹង ដែលល្មើសទៅនឹងវិធានការរដ្ឋាភិបាល និងត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការផាកពិន័យម្នាក់ ២លានរៀល។
 
ជាមួយគ្នានេះ លោក សុខសីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅតាមតំបន់បិទខ្ទប់ ក្រុងភ្នំពេញ និងខេត្តកណ្ដាល ឲ្យចូលរួមធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការដោះស្រាយបញ្ហា។
 
សូមជម្រាបថា ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនៅមាត្រា១០ ចែងថា អ្នកមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ លើសពីនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល ប្រសិនបើបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ បើករណីនេះ បណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥លានទៅ២០លានរៀល។
 
ចំពោះករណីល្មើសបទរារាំងដល់ការអនុវត្តវិធានការ មាត្រា១១នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ ហើយពិន័យពី២ទៅ១០លានរៀល។ បទរារាំងដល់ការអនុវត្តវិធានការនេះ ត្រូវជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ ហើយពិន័យពី៥ទៅ២០លានរៀល ប្រសិនបណ្ដាលឲ្យមានការឆ្លងកូវីដ-១៩ដល់អ្នកដទៃ ឬប៉ះពាល់ដល់សុខភាពសាធារណជនធ្ងន់ធ្ងរ៕
 

Tag:
 ThmeyThmey25
  កូវីដ-១៩
  សាន សុខសីហា
© រក្សាសិទ្ធិដោយ thmeythmey.com