COVID-19
ជាតិ
GMAC និងមេសហជីព ស្នើឲ្យភាគីរោងចក្រជួយកម្មករ ដែលកំពុងរងផលប៉ះពាល់ អំឡុងពេលបិទខ្ទប់
27, Apr 2021 , 9:29 pm        
រូបភាព
កម្មកររោងចក្រ (រូបភាពដោយ៖ ThmeyThmey)
កម្មកររោងចក្រ (រូបភាពដោយ៖ ThmeyThmey)
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងមេសជីព ស្នើឲ្យភាគីរោងចក្រជួយដល់កម្មករ នៅអំឡុងពេលបិទខ្ទប់ ខណៈកម្មកររោងចក្រជាង៤០ម៉ឺននាក់ កំពុងរងផលប៉ះពាល់។ សំណើនេះ ធ្វើឡើយក្រោយរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅមួយសប្ដាហ៍ទៀត។


រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ក៏ណែនាំឲ្យម្ចាស់រោងចក្របើកប្រាក់ឈ្នួលដើមខែមេសា ដល់កម្មករនិយោជិត ក្រោយពេលចប់វិធានការបិទខ្ទប់។ លោក អ៊ិត សំហេង ក៏ណែនាំឲ្យភាគីរោងចក្រផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម តាមលទ្ធភាពដោយផ្អែកតាមស្មារតីមនុស្សធម៌ ដល់កម្មករក្នុងគ្រាលំបាកនេះ នៅក្រោយពេលវិធានការបិទខ្ទប់ចប់ផងដែរ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងការងារ ថ្ងៃទី១៩មេសា។ 
 
ប៉ុន្តែលោក អាត ធន់ ប្រធានសហភាពការងារកម្ពុជាយល់ថា ការណែនាំរបស់ក្រសួងការងារនេះ មិនអាចជួយការលំបាករបស់កម្មករឲ្យទាន់ពេល នៅអំឡុងពេលខ្វះខាតនេះឡើយ។ លោកសង្កត់ធ្ងន់ថា ភាគីរោងចក្រគួរតែផ្ដល់ប្រាក់ឈ្នួលនៅអំឡុងពេលបិទខ្ទប់នេះ រាប់ទាំងប្រាក់ដើមខែមេសា និងប្រាក់អត្ថប្រយោជន៍ផ្សេង។ 
 
មេសហជីពរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «នៅដំណាក់កាលនេះ និយោជកមិនត្រឹមតែត្រូវផ្ដល់ប្រាក់ដើមខែមេសា ប្រាក់អត្ថប្រយោជន៍ផ្សេងដល់កម្មករនោះទេ គឺគួរតែផ្ដល់ប្រាក់ខែពេញនៃអំឡុងពេលបិទខ្ទប់នេះដល់កម្មករ ហើយបើកឲ្យទៀងទាត់តាមការកំណត់ទៅ ព្រោះថាការបើកប្រាក់នេះ ដំណើរការតាមប្រព័ន្ធអនឡាញចូលគណនីកម្មករមិនបង្កការលំបាកចេញចូលផ្ដុំគ្នាឡើយ»។ 
 
ទន្ទឹមនឹងនេះ GMAC ក៏អំពាវនាវឲ្យភាគីរោងចក្រជួយដល់កម្មករផងដែរ ដោយផ្ដល់ជាប្រាក់ឧបត្ថម្ភដល់កម្មករ រហូតដល់ការបិទខ្ទប់ត្រូវបានបញ្ចប់។ ការឧបត្ថម្ភនេះ ជាការជួយបន្ថែម លើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល សម្រាប់ជួយសម្រួលជីវភាពប្រចាំថ្ងៃដល់កម្មករនិយោជិត។ 
 
«ដោយមើលឃើញភាពលំបាកដែលកម្មករនិយោជិតរបស់យើងកំពុងប្រទះក្នុងអំឡុងពេលដ៏លំបាកនេះ សមាគមសូមអំពាវនាវដល់សមាជិកទាំងអស់ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ពិចារណាផ្ដល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិតរបស់លោក លោកស្រី»។ នេះបើតាមការអំពាវនាវរបស់ GMAC ។
 
ដ្បិតGMAC អំពាវនាវបែបនេះក្តី ប៉ុន្តែGMAC មិនបានលើកទឹកចិត្តឲ្យនិយោជក បើកខែឲ្យកម្មករនៅអំឡុងពេលបិទខ្ទប់នេះឡើយ។ GMAC បានបកស្រាយថា កម្មករ និយោជិត មិនមានកាតព្វកិច្ចបំពេញការងារឲ្យនិយោជក ហើយនិយោជក មិនមានកាតព្វកិច្ចផ្ដល់ប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងអំឡុងពេលព្យួរកិច្ចសន្យាឡើយ។ 
 
ជុំវិញការបកស្រាយរបស់ GMAC លោក អាត ធន់ យល់ថា ជាការបកស្រាយមួយនេះលឿនពេក ធ្វើឲ្យភាគីរោងចក្ររួចផុតពីកាតព្វកិច្ចទទួលខុសត្រូវ ។ លោកថ្លែងយ៉ាងដូច្នេះថា «ខាងGMACលើកឡើងថា និយោជកមិនមានកាតព្វផ្ដល់ប្រាក់ឈ្នួលឲ្យកម្មករ នៅអំឡុងពេលព្យួរទេនៅពេលបិទខ្ទប់នេះ, កន្លែងនេះមិនទាន់ដាច់ស្រេចគ្នានៅឡើយទេ តាមពិតទៅខាងរដ្ឋាភិបាលក៏មិនបានចេញសេចក្ដីណែនាំអីច្បាស់នៅឡើយដែរ ថាអំឡុពេលអត់ធ្វើការនេះនិយោជកមិនត្រូវផ្ដល់លុយឲ្យកម្មករនោះទេ...។ការដែលGMACលើកឡើងនេះ ខ្ញុំគិតថាវាដូចជាលឿនពេក ដែលនាំនិយោជកគេចពីការទទួលខុសត្រូវ»។ 
 
ការលំបាករបស់កម្មករក្នុងអំឡុងពេលបិទខ្ទប់
លោក ឡុង សាក់កក្កដា ជាកម្មករនិងមេសហជីពក្នុងរោងចក្រ ឌីន ហាន ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៧មេសានេះថា កម្មករខ្លះក្នុងរោងចក្រ ឌីន ហាន មិនទាន់បានប្រាក់ឈ្នួលនៅខែមីនាឡើយ ដូច្នេះប្រាក់ខែមេសា ក៏ទំនងពិបាកទទួលបានដែរ។ លោកថា អះអាងថា កម្មករភាគច្រើនសុទ្ធតែជាប់បំណុល ហើយទន្ទឹងរង់ចាំចូលបម្រើការងារវិញ ដើម្បីបានប្រាក់ឈ្នួល។ 
 
«ប្រាក់ខែក្នុងខែមីនាកម្មករខ្លះ ផ្នែកខ្លះទទួលបាន ផ្នែកខ្លះមិនទាន់បាននោះទេ ឮថាថ្នាក់លើដាក់លុយឲ្យហើយតែប្រធានបុគ្គលិកចិន គេអត់ហៅបញ្ចូនលេខបើកលុយឲ្យកម្មករ ខុសបច្ចេកទេស...បើនិយាយពីប្រាក់ដើមខែមេសាគឺមិនទាន់បើកទេ នៅទាំងអស់គ្នា។ពួកខ្ញុំពិបាកណាស់ សឹងតែគ្រប់គ្នាជាប់បំណុល»។ នេះបើតាមការលើកឡើងរបស់លោក សាក់កក្កដា ដោយបន្ថែមថា សព្វថ្ងៃក្រុមកម្មកររោងចក្រលោក ភាគច្រើនបានទទួលជំនួយជាស្បៀងអាហារពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសប្បុរសជន។ 
 
កម្មករដែលបម្រើការងារនៅរោងចក្រ ឌីន ហាន អស់រយៈពេលជាង៧ឆ្នាំរូបនេះ រៀបរាប់បន្ថែមថា ក្នុងស្ថានភាពដ៏លំបាកនេះ ភាគីធនាគារអនុគ្រោះពន្យារពេលបង់ប្រាក់មួយខែដល់លោក ប៉ុន្តែខែក្រោយត្រូវបង់ធម្មតាវិញ។ ករណីនេះ ធ្វើឲ្យរូបលោក សាក់កក្កដា មានការព្រួយបារម្ភ ហើយទន្ទឹងរង់ចាំចង់ចូលបំពេញការងារវិញ ដើម្បីបានប្រាក់កម្រៃ។ លោកជំពាក់បំណុលធនាគារជាង៧ពាន់ដុល្លារ ហើយត្រូវបង់ប្រាក់ត្រឡប់់ទៅវិញប្រមាណ៣៥០ដុល្លារក្នុងមួយខែ។ បើតាមលោក កក្កដា ស្ថានភាពកម្មករផ្សេងទៀត ក៏ពិបាកជាងលោកខ្លាំងណាស់ ដោយកម្មករខ្លះខ្វះស្បៀងអាហារហើយ ត្រូវរ៉ាប់រងបង់ប្រាក់ធនាគារទៀត។ 
 
កម្មកររោងចក្រនិងជាមេសហជីពរូបនេះ អំពាវនាវឲ្យភាគីនិយោជកយោគយល់ដល់កម្មករ ដែលខិតខំបម្រើការងារ ដោយបើកប្រាក់ឈ្នួលឲ្យទៀងទាត់ដល់កម្មករ អំឡុងពេលលំបាកនេះផង។ 
 
នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ មានកម្មករ-និយោជិតជាង១,២លាននាក់ បានជាប់គាំងមិនបានទៅបំពេញការងារ ហើយក្នុងនោះមានកម្មកររោងចក្រជាង៤០ម៉ឺននាក់រងផលប៉ះពាល់។ ចំពោះការចាក់វ៉ាសាំង កម្មករប្រមាណ១០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងដូសទី១ ហើយអ្នកចាក់ដូសទី២ នឹងចាប់ផ្ដើមចាក់ទ្រង់ទ្រាយធំ នៅថ្ងៃទី២៩មេសា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៧មេសានេះ។ 
 
ជុំវិញការជួយឧបត្ថម្ភពលរដ្ឋនៅតំបន់បិទខ្ទប់នេះ រដ្ឋាភិបាល កាលពីដើមខែមីនា បានសម្រេចឧបត្តម្ភជាសាច់ប្រាក់៣០ម៉ឺនរៀលក្នុងមួយគ្រួសារ សម្រាប់អ្នកធ្វើចត្តាឡីស័កដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារកូវីដ-១៩។ ប៉ុន្តែក្រោយមក សម្ដេច ហ៊ុន សែន ក៏សម្រេចបង្វែរប្រាក់ទៅជាជំនួយស្បៀងអាហារជំនួសវិញ។ ជាមួយគ្នាដែរ សម្ដេច ក៏សុំការយោគយល់ពីពលរដ្ឋ លើការសម្រេចនេះ ដោយសារការរីករាលដាលកូវីដ-១៩ នូវតែបន្តកើនឡើង។ 
 
«ការអាក់ខានក្នុងការផ្គត់ផ្គង់ថវិកា៣០ម៉ឺនរៀល គឺជាការអាក់ខានដែលយើងមើលឃើញថា មិនអាចធ្វើទៅបាន សូមបងប្អូនយោគយល់ អាធ្យាស្រ័យ។ អ្វីដែលចាំបាច់នៅពេលនេះ គឺការរស់ ខ្ញុំឱ្យបង្វិលការផ្គត់ផ្គង់នេះទៅជាអង្ករ ជាត្រីខ ជាមី ជាទឹកត្រី ទឹកស៊ីអ៊ីវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន»។ នេះបើសារជាសំឡេងដែលសម្ដេច ហ៊ុន សែន បានលើកឡើង៕ 
 

Tag:
 កម្មករ
  រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com