អន្តរជាតិ
អាមេរិក ប្រាប់អាហ្រ្វ៊ិកឱ្យប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់ចិន
28, Apr 2021 , 8:59 pm        
រូបភាព
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន នៅថ្ងៃទី២៧ ខែមេសា បានប្រាប់ប្រជាជនអាហ្រ្វិកឱ្យប្រុងប្រយ័ត្ន ចំពោះការវិនិយោគចិន ដែលមាននៅក្នុងប្រទេសពួកគេ។  បើតាមលោករដ្ឋមន្រ្តីការបរទេសអាមេរិក បណ្តាប្រទេសនៅតំបន់អាហ្រ្វិក អាចនឹងជាប់បំណុលចិនកាន់តែច្រើន ដោយសារការអភិវឌ្ឍមិនប្រកបដោយចីរភាព។

 
លោក អាន់តូនី ប្ល៊ីងខិន រដ្ឋមន្រ្តីការបរទេសអាមេរិក នៅថ្ងៃទី២៧ ខែមេសា បានធ្វើទស្សនកិច្ចមួយតាមប្រព័ន្ធវីដេអូទៅកាន់នីហ្សេរីយ៉ា និងកេនយ៉ា ហើយជួបសន្ទនាជាមួយមេដឹកនាំប្រទេសទាំងពីរ។ ប្រមុខការទូតអាមេរិក មានជួបតាមអនឡាញជាមួយក្រុមយុវជនមកពីទ្វីបអាហ្រ្វិកផងដែរ។ លោក ប្ល៊ីងខិន ត្រូវបានយុវជនម្នាក់ដែលបានរៀននៅអាមេរិកចោទសួរពីទំនាក់ទំនងអាមេរិក និងអាហ្រ្វិក។ 
 
ប្រមុខការទូតអាមេរិក តបថា ប្រទេសអាហ្វ្រ៊ិក គួរតែភ្ជាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀត ដោយសម្លឹងមើលឱ្យកាន់តែធំទូលាយ។ 
 
«យើងនឹងមិនស្នើឱ្យនរណាម្នាក់ជ្រើសយកអាមេរិក ឬចិនឡើយ»។ លោកប្ល៊ីងខិន បានលើកឡើងបែបនេះ ជាមួយនឹងការលើទឹកចិត្តឱ្យក្រុមយុវជនអាហ្វ្រិកចោទសួរសំណួរធ្ងន់ៗ ជីកឬសជីកគល់ ដើម្បីស្វែងរកតម្លាភាព និងរើសយកជម្រើសដ៏ល្អសម្រាប់ខ្លួន និងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។  
 
ទំនងជាចង់សំដៅទៅចិន លោក ប្ល៊ីងខិន ក៏បន្តណែនាំយុវជនអាហ្វ្រិក  ទៀតថា  អ្នកគួរតែមើលឱ្យបានច្បាស់ ថា តើនៅពេលប្រទេសផ្សេងមកសាងសង់គម្រោងធំៗ ពួកគេនាំកម្មករខ្លួនមក ឬពួកគេផ្តល់ការងារដល់ប្រជាជនក្នុងប្រទេសដែលពួកគេវិនិយោគ? 
 
ទន្ទឹមគ្នានេះ លោក ប្ល៊ិងខិន ក៏បានចង់បង្ហាញពីក្តីបារម្ភនៃចំនួនប្រទេសក្នុងទ្វីបអាហ្វ្រ៊ិក ដែលជាប់បំណុលមិនប្រកបដោយចីរភាព បន្ទាប់ពីខ្ចីលុយចិន ក្នុងនោះមានដូចជាសំប៊ីជាដើម។ ប្រទេសអាហ្វ្រិកមួយនេះ ទើបតែប្រកាសមិនអាចសងបំណុលចិនបាននៅពេលថ្មីៗនេះ។
 
សូមបញ្ជាក់ថា បំណុលបណ្តាប្រទេសនៅទ្វីបអាហ្វ្រ៊កជំពាក់ចិន បានកើនឡើងយ៉ាងខ្លាំង។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Africa Report នៅថ្ងៃទី២១ ខែមេសា អង់ហ្គោឡា ជាប់បំណុលចិនចំនួន ២៥ពាន់លានដុល្លារ, អេត្យូពីចំនួន ១៣,៥ ពាន់លានដុល្លារ, សំប៊ីចំនួន ៧,៤ពាន់លានដុល្លារ និង សាធារណរដ្ឋកុងហ្គោ ៧,៣ពាន់លានដុល្លារ៕ 
 

Tag:
 អាមេរិក
  ចិន
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com