កីឡាអន្តរជាតិ
អន្តរជាតិ
Floyd នឹងឡើងសង្វៀនប្រកួតជាមួយតារា Youtube នៅថ្ងៃទី៦ មិថុនា
28, Apr 2021 , 6:29 pm        
រូបភាព
Floyd Mayweather អតីតស្តេចប្រដាល់សកលពិភពលោក នឹងឡើងសង្វៀនជាថ្មីដោយត្រូវតទល់ជាមួយកីឡាករ Logan Paul និងជាតារាង Youtube ក្នុងកម្មវិធីប្រកួតពិព័រណ៍នៅលើទឹកដីអាមេរិក នាថ្ងៃ៦ ខែមិថុនា ឆ្នាំ ២០២១។



ម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ ស្ថាប័នបានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួននៅថ្ងៃទី២៨ ខែមេសាថា៖« Logan Paul និងខ្ញុំនឹងត្រូវប្រកួតគ្នានៅឯកីឡដ្ឋាន Hard Rock ក្នុងក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក»។ សំបុត្រនឹងចាប់ផ្តើមលក់ ពីសប្តាហ៍ក្រោយទៅ។
 
យ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ជំនួបគូទាំងពីរនេះ មិនទាន់បង្ហាញថាត្រូវប្រកួតគ្នាចំនួនប៉ុន្មានទឹកនៅឡើយទេ។ លោក Fanmio និង Showtime ដែលជាជាភ្នាក់ងាររបស់ Mayweather បានហៅការប្រកួតនេះថាជា «ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ» ក្នុងវិស័យកីឡាប្រដាល់។
 
Floyd វ័យ៤៤ឆ្នាំ ដែលជាកំពូលអ្នកប្រដាល់មិនស្គាល់ចាញ់សញ្ជាតិអាមេរិក បានបញ្ចប់អាជីពក្រោយការប្រកួតលើកទី ៥០ របស់ខ្លួនកាលពីឆ្នាំ ២០១៧ ដោយផ្តួលអ្នកប្រដាល់គុនចម្រុះ Conor McGregor ឱ្យសន្លប់។ នៅឆ្នាំ២០២១នេះ អ្នកប្រដាល់មានទ្រព្យច្រើនជាងគេ បានបង្ហាញដៃគូរបស់ខ្លួនដែលនឹងត្រូវជួបគ្នា ជា Youtuber ដ៏ល្បីល្បាញរបស់អាមេរិក។
 
Logan Paul វ័យ២៦ឆ្នាំ ដែលមានអ្នកចុច subscribe ក្នុងគណនី Youtube រហូតដល់ទៅជិត២៣លាននាក់ ត្រូវឡើងទៅតតាំងជាមួយ Floyd។ Logan ធ្លាប់មានប្រវត្តិប្រកួតម្តងប៉ុណ្នោះ ហើយចាញ់កីឡាករ KSI ដែលជាមិត្តរួមអាជីព Youtuber ដូចគ្នា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយជំនួបអ្នកទាំងពីរត្រូវបានគេជឿជាក់ថារកបានប្រាក់ ១,៣ លានដុល្លារពី Youtube។
 
ជំនួបពិព័រណ៍សប្បុរសធម៌រវាង Floyd និង Logan នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២១ និងជាការប្រកួតដែលគេរំពឹងថាអាចនឹងទាក់ទាញចំនួនអ្នកទស្សនាដ៏ច្រើនសន្ធឹក នាអំឡុងពេល COVID-19 ផងដែរ៕
 

Tag:
 Floyd Mayweather
  Logan Paul
© រក្សាសិទ្ធិដោយ thmeythmey.com