កីឡាអន្តរជាតិ
អន្តរជាតិ
UEFA សម្រេចឱ្យក្រុមទាំង២៤មានកីឡាករដល់២៦រូប នៅ Euro 2020
29, Apr 2021 , 8:29 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) អនុញ្ញាតឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករដល់២៦រូប ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០២០ ខណៈព្រឹត្តិការណ៍មុនៗមានត្រឹម២៣នាក់។


ការបន្ថែមចំនួនកីឡាករ៣រូបទៀតក្នុងព្រឹត្តិការណ៍អឺរ៉ុប ក្នុងគោលបំណងដើម្បីកាត់បន្ថយបន្ទុកដល់កីឡាករ ដែលធ្វើការងារធ្ងន់សម្រាប់ក្លិបពួកគេពេញមួយរដូវកាលដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលពិសេសទៀតនោះ នេះក៏ជួយសម្រួលដល់គ្រូបង្វឹកផង ប្រសិនបើមានការឆ្លងជំងឺលើសមាជិកក្រុមអំឡុងពេលប្រកួត។
 
ការសម្រេចនេះ ធ្វើឡើងដោយគណៈកម្មាធិការជាតិរបស់ UEFA នៅថ្ងៃទី២៧ ខែមេសា។ UEFA នឹងទទួលខុសត្រូវក្នុងការផ្តល់សច្ចាប័នលើសេចក្តីសម្រេចចុងក្រោយងនៅសប្តាហ៍នេះ ហើយសង្ឃឹមថានឹងគ្មានអ្នកជំទាស់។
 
ក្រៅពីអនុញ្ញាតឱ្យមានដំឡើងសមាជិក២៦នាក់ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប បានសម្រេចឱ្យក្រុមនីមួយៗផ្លាស់ប្តូរកីឡាករក្នុងពេលប្រកួត ៥ នាក់រួចហើយដែរ។
ការប្រកួត Euro ២០២០ ដែលមានក្រុមជម្រើសជាតិ ២៤ប្រទេសចូលរួមបានពន្យារពេល១ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺ COVID-19។ ដើមឡើយការប្រកួតដែលតម្រូវឱ្យរៀបចំ៤ឆ្នាំម្តង ត្រូវដំណើរការក្នុងខែមីនា ឆ្នាំ២០២០ តែត្រូវដូរទៅរៀបចំនៅឆ្នាំ ២០២១ វិញ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ដោយត្រូវប្រើប្រាស់កីឡដ្ឋានធំៗចំនួន១២ ស្ថិតក្នុងទីក្រុង និងប្រទេសចំនួន១២ផ្សេងគ្នា។
 
ក្រុមទាំង២៤ដែលត្រូវប្រកួតប្រជែងគ្នាដណ្តើមពានរង្វាន់ Euro 2020៖
ពូល A៖ តួកគី អ៊ីតាលី វែល និងស្វ៊ីស
ពូល B៖ ដាណឺម៉ាក ហ្វាំងឡង់ បែលហ្ស៊ិក និងរុស្ស៊ី
ពូល C៖ ហូឡង់ អ៊ុយក្រែន អូទ្រីស និងម៉ាសេដ្វានខាងជើង
ពូល D៖ អង់គ្លេស ក្រូអាស៊ី ស្កុតឡែន និងឆែក
ពួល E៖ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងស្លូវេនី
ពូល F៖ ហុងគ្រី ព័រទុយហ្គាល់ បារាំង និងអាល្លឺម៉ង់៕
 

Tag:
 Euro 2020
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com