COVID-19
ជាតិ
វ៉ាក់សាំងស៊ីណូហ្វាម៤០ម៉ឺនដូសទៀត ជាជំនួយលើកទី៣របស់ចិន មកដល់កម្ពុជាហើយ
29, Apr 2021 , 9:55 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៤០ម៉ឺនដូសបន្ថែមរបស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm)  បានដឹកមកដល់កម្ពុជាហើយ នាយប់ថ្ងៃ២៨មេសា ឆ្នាំ២០២១។ វ៉ាក់សាំងចំនួន៤០ម៉ឺនដូសនេះ គឺជាជំនួយលើកទី៣ ដែលរដ្ឋាភិបាលប្រទេសចិនផ្តល់ឱ្យកម្ពុជា។

 
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុប៤,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។  ក្នុងនោះ មានវ៉ាក់សាំងSinopharm ចំនួន១,៧លានដូស, វ៉ាក់សាំង Sinovac មាន២លានដូស និងវ៉ាក់សាំង Astra Zeneca មានចំនួន ៣២៤,០០០ ដូស។ ខណៈមានពលរដ្ឋ និងកងកម្លាំងយោធា ជិត ១,៣ លាននាក់ហើយ បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងនេះ។ 
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ មេសា មានពលរដ្ឋជិត ១,៣លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ក្នុងនោះក្រុមពលរដ្ឋអាទិភាព មានចំនួន ១,០០៤,៣០៨នាក់ និងកងកម្លាំងយោធា មានចំនួន ២៩៤,៥៤៣នាក់។ ក្នុងចំណោមពលរដ្ឋជិត១,៣លាននាក់នេះ មានជាង៨០ម៉ឺននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២។
 
ទាក់ទងនឹងការមកដល់របស់វ៉ាក់សាំងកូវីដ-១៩នេះ កន្លងមក សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ នឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ។ បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងចំនួន១,៥លានដូស នឹងមកកម្ពុជានៅក្នុងខែឧសភា, ៣លានដូស នឹងមកដល់ នៅខែមិថុនា, ២លានដូស មកដល់នៅខែកក្កដា និងខែសីហា វ៉ាក់សាំងចំនួន ១លានដូសទៀត ផងដែរ។ 
 
កម្ពុជាបានរកឃើញអ្នកវិជ្ជមាន ១១,០៦៣នាក់ ដោយក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានចំនួន១,០៥១៣ នាក់។ អ្នកសះស្បើយសរុប ៣,៧០៤នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់៨២នាក់៕ 
 
 

Tag:
 Sinopharm
  វ៉ាក់សាំង
 
© រក្សាសិទ្ធិដោយ thmeythmey.com