COVID-19
ជាតិ
COVID-19៖ ៨៨០នាក់​ទៀត​វិជ្ជមាន​ ដោយអ្នកស្លាប់ឡើងដល់​៩១នាក់
29, Apr 2021 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស៨៨០​នាក់​បន្ថែមទៀត វិជ្ជមាន​កូ​វីដ​-១៩​នៅ​កម្ពុជា ខណៈ​អ្នកជា​សះស្បើយ មាន​ចំនួន​២៨៨នាក់​។ រាជធានី​ភ្នំពេញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ ដែលមាន​ដល់​ទៅ៥១៨នាក់​។ មនុស្ស​៣នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​៩១​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។

 

ក្នុងចំណោម​ករណីទាំង​៨៨០នាក់ដែល​រកឃើញនៅថ្ងៃនេះ ភ្នំពេញមាន​៥១៨នាក់ ព្រះសីហនុមាន​១៨៧នាក់ កណ្តាលមាន​៧៣នាក់ កំពង់ចាមមាន​៣៩នាក់ បន្ទាយមានជ័យមាន​៣៦នាក់ កំពង់ស្ពឺមាន៩ តាកែវមាន​៥នាក់ កំពង់ធំមាន​៤នាក់ កំពង់ឆ្នាំងមាន​៣នាក់ ព្រៃវែងមាន​២នាក់ ពោធិ៍សាត់មាន១នាក់ កោះកុង​មាន​១នាក់ សៀមរាបមាន​១នាក់ និងត្បូងឃ្មុំមាន១នាក់។ 

មនុស្ស ២៨៨នាក់បន្ថែមទៀតបានជាសះស្បើយ ក្នុងនោះមាន១នាក់ជាពលករពីប្រទេសថៃ ដែលត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តបាត់ដំបង។ អ្នកសះស្បើយ ២៨៧នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្នុងនោះមាន ១នាក់ នៅត្បូងឃ្មុំ, ១នាក់នៅសៀមរាប, ១១នាក់ នៅខេត្តកណ្តាល, ១៣នាក់ ជាករណីជានៅខេត្តស្វាយរៀង។ ខេត្តព្រះសីហនុ មានអ្នកសះស្បើយ ចំនួន ៣៦នាក់ ខណៈរាជធានីភ្នំពេញ មានអ្នកជាចំនួន ២២៥នាក់។ 


ជាមួយគ្នានេះក្រសួង ក៏បានបញ្ជាក់ដែរថា ពលរដ្ឋខ្មែរ ៣នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ។ អ្នកស្លាប់ទាំង៣នាក់ មានស្រ្តីអាយុ២៣ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីអាយុ ៤៦ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបុរសអាយុ ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​ចំនួនអ្នក​ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនដល់៩១នាក់។ 
 
គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ សរុប​១២៦៤១ករណី ក្នុងនោះ ១២០៩០ ជា​ករណី​សហគមន៍​២០​កុម្ភៈ​។ អ្នក​សះស្បើយ​សរុប​មាន ៤៩៨៦​នាក់​។ អ្នកជំងឺសរុប មានចំនួន ៨១១៥ នាក់ ក្នុងនោះមានអ្នកសម្រាកព្យាបាលនៅផ្ទះនៅសល់ ១២នាក់ ខណៈមានអ្នកជំងឺចំនួន ៤៦៧១នាក់ នៅរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com