អាមេរិក ផ្តល់ជំនួយជាង១០០លានដុល្លារឱ្យឥណ្ឌាដើម្បីដោះស្រាយកូវីដ-១៩
COVID-19
អន្តរជាតិ
អាមេរិក ផ្តល់ជំនួយជាង១០០លានដុល្លារឱ្យឥណ្ឌាដើម្បីដោះស្រាយកូវីដ-១៩
29, Apr 2021 , 6:32 pm        
រូបភាព
អាមេរិក កំពុងបញ្ជូនជំនួយដែលមានតម្លៃជាង១០០លានដុល្លារអាមេរិកទៅឥណ្ឌាដើម្បីជួយប្រទេស នេះក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលកូវីដ-១៩ ។​ សេតវិមានបានលើកឡើងដូចនេះក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៨ ខែមេសា។


បើតាមសេតវិមាន ការផ្គត់ផ្គង់ជំនួយរបស់អាមេរិកនឹងទៅដល់ឥណ្ឌាចាប់ពីថ្ងៃទី២៩ ខែមេសា ហើយ បន្តបញ្ជូនទៅជាបន្តបន្ទាប់រហូតដល់សប្តាហ៍ក្រោយ។ ជំនួយដែលមានតម្លៃជាង១០០លានដុល្លារ រួមមានបំពង់អុកស៊ីសែនចំនួន១ពាន់ និងម៉ាស់ចំនួន១៥លានសន្លឹក ព្រមទាំងឧបករណ៍ធ្វើតេស្ត រហ័សចំនួន១លានផងដែរ។ អាមេរិក ក៏ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ AstraZeneca ដែលអាចអនុញ្ញាតឱ្យផលិតវ៉ាក់សាំងបានចំនួនជាង២០លានដូស។ 
 
«ដូចគ្នានឹងឥណ្ឌាដែលធ្លាប់បានបញ្ជូនជំនួយទៅឱ្យអាមេរិកនៅពេល ដែលមន្ទីរពេទ្យរបស់យើងជួប បញ្ហានៅដំណាក់កាលដំបូងនៃការរាតត្បាតកូវីដ-១៩ ពេលនេះអាមេរិកបានប្តេជ្ញាចិត្តជួយឥណ្ឌាវិញ នៅពេលមានតម្រូវការចាំបាច់»។ សេតវិមានបានអះអាងដូចនេះនៅថ្ងៃទី២៨ ខែមេសា។ 
 
មិនត្រឹមតែអាមេរិកនោះទេដែលផ្តល់ជំនួយទៅឱ្យឥណ្ឌាក្នុងគ្រាលំបាកនេះ បណ្តាប្រទេសជាច្រើន ទៀតមានអង់គ្លេស សិង្ហបុរី ថៃ អាល្លឺម៉ង់ បារាំង កាណាដា រុស្ស៊ី និងចិនជាដើម ក៏បានប្រកាសជួយ ផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រឱ្យឥណ្ឌាជាបន្តបន្ទាប់ដែរ។ ជំនួយសម្ភារវេជ្ជសាស្ត្ររបស់អង់គ្លេស សឹង្ហបុរី និងថៃ បានទៅដល់ឥណ្ឌារួចមកហើយ ខណៈវ៉ាក់សាំង Sputnik V របស់រុស្ស៊ី នឹងទៅដល់ឥណ្ឌា នៅថ្ងៃទី១ ខែឧសភាខាងមុខ។ 
 
ស្ថានភាពកូវីដ-១៩ នៅឥណ្ឌានៅមិនទាន់មានភាពល្អប្រសើរឡើងនៅឡើយ ជាមួយនឹងកង្វះគ្រែមន្ទីរ ពេទ្យ និងសម្ភារវេជ្ជសាស្ត្រ បើទោះជាមានជំនួយបរទេសទៅដល់មួយចំនួនហើយក៏ដោយ។ នៅថ្ងៃទី ២៩ ខែមេសា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅឥណ្ឌាមានដល់ជាង៣ពាន់នាក់ ខណៈអ្នកឆ្លងថ្មី មានជាង៣៧ម៉ឺននាក់ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃ ដែលច្រើនជាងគេបង្អស់ក្នុងពិភពលោក។ មកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ សរុបរហូតដល់ជិត ១៨ លាននាក់ទៅហើយ៕
 

Tag:
 អាមេរិក
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com