កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ Cavani និង Fernandes ស៊ុតម្នាក់២គ្រាប់ជួយ Man Utd ឈ្នះ Roma ៦-២
30, Apr 2021 , 8:52 am        
រូបភាព
 
Manchester United មានភាគរយខ្ពស់ក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះ AS Roma ក្នុងលទ្ធផល ៦-២ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នារាត្រីថ្ងៃទី២៩ ខែមេសា។ Arsenal ចាញ់ Villarreal ២-១។


Bruno Fernandes និង Edinson Cavani បានស៊ុតបញ្ចូលទីម្នាក់ពីរគ្រាប់ ខណៈ Paul Pogba និង Mason Greenwood រកបានម្នាក់១គ្រាប់។ ២គ្រាប់របស់ក្រុមភ្ញៀវ Roma សម្រេចបានដោយ Lorenzo Pellegrini និង Edin Dzeko។



តាមរយៈជ័យជម្នះ ៦-២ នៅជើងទី១ដែលធ្វើឡើងនៅ Old Trafford នេះ នឹងជួយក្រុមបិសាចក្រហមមានភាគរយខ្ពស់ក្នុងការបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌលំដាប់ទីពីអឺរ៉ុបរដូវកាល ២០២០-២១នេះ។

ដោយឡែកក្រុមអង់គ្លេសមួយទៀត Arsenal ដែលធ្វើដំណើរទៅកាន់អេស្ប៉ាញសម្រាប់ជំនួបជើងទី១ បានចាញ់ម្ចាស់ផ្ទះ Villarreal ២-១។  Manuel Trigueros និង Raul Albiol ស៊ុតម្នាក់១គ្រាប់សម្រាប់ Villarreal មុនពេល Nicolas Pepe តាមបានមួយគ្រាប់ឱ្យកាំភ្លើងធំវិញដោយទាត់ប៉េណាល់ទី។

យ៉ាងណាក៏ដោយ លទ្ធផល ២-១ នេះនឹងមិនធ្វើឱ្យ Arsenal ពិបាកប្រជែងយកកីអីផ្តាច់ព្រ័ត្រនោះទេ ដ្បិតពួកគេមានទុនគ្រាប់ចំណេញក្រៅដី១គ្រាប់ សម្រាប់ត្រឡប់ទៅទឹកដីខ្លួននៅជើងទី២។

ជំនួបជើងទី២ និងកាត់សេចក្តីដើម្បីរកពីរក្រុមទៅវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១៕


 



Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com