អន្តរជាតិ
ថៃតម្រូវឲ្យអ្នកដំណើរចាក់វ៉ាក់សាំងហើយធ្វើចត្តាឡីស័ក ១៤ថ្ងៃវិញ
30, Apr 2021 , 10:59 am        
រូបភាព
រូបថត AFP
រូបថត AFP
រដ្ឋាភិបាលថៃ បានសម្រេចឡើងវិញដោយតម្រូវឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវិដ-១៩ រួចធ្វើចត្តាឡីស័ក ១៤​ថ្ងៃឡើងវិញ។ ការកែប្រែនេះ ជាផ្នែកមួយនៃវិធានការដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ ថៃក៏បានបែងចែកតំបន់ ដែលមានស្ថានភាពកូវីដ-១៩ ឆ្លងខ្លាំង និងឆ្លងតិច ឡើងវិញផងដែរ។

 
កន្លងមក រដ្ឋាភិបាលថៃ បានកាត់បន្ថយថៃ្ងដាក់ចត្តាឡីស័កសម្រាប់អ្នកមកដល់ថៃ ដែលធ្លាប់ចាក់វ៉ាក់សាំងរួច មកត្រឹមរយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ចថៃ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តប្រទេសមួយនេះវិញ បន្ទាប់ពីថៃអាចគ្រប់គ្រងករណីឆ្លងកូវីដ-១៩ នៅក្នុងខេត្តសមុទ្រសាគរបាន។ យ៉ាងណាមិញ ករណីឆ្លងកូវីដ-១៩ ដែលផ្ដើមចេញពីទីក្រុងបាងកក បង្ខំឱ្យរដ្ឋាភិបាលថៃផ្លាស់ប្ដូរជម្រើសរបស់ខ្លួន។ 
 
ខណៈករណីឆ្លងប្រចាំនៅតែមានកម្រិតខ្ពស់ រដ្ឋាភិបាលថៃ បានសម្រេចចាត់វិធានការរឹតបន្តឹងជាងមុន ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ ក្នុងប្រទេស។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ថៃ (CCSA) បានប្រកាសលុបចោល វិធានដាក់ចត្តាឡីស័កពី៧ថ្ងៃដល់១០ថ្ងៃ សម្រាប់អ្នកទទួលបានវ៉ាក់សាំងរួច។ វិធានការនេះ ចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ហើយអ្នកដំណើរទាំងអស់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃវិញ ។
 
មិនតែប៉ុណ្ណោះ អ្នកជាប់បម្រាមចត្តាឡីស័ក មិនត្រូវអនុញ្ញាតឱ្យចាកចេញពីបន្ទប់ឡើយ លើកលែងតែករណីស្វែងរកការព្យាបាលជំងឺ និងធ្វើតេស្តរកកូវីដ-១៩។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ផ្តើមពីថ្ងៃទី១ ខែឧសភា ថៃ នឹងដាក់ខេត្តក្រុងទាំងអស់ ជា៣តំបន់ ក្នុងនោះមានដូចជា ពណ៌ក្រហមក្រមៅ, ពណ៌ក្រហម និងពណ៌ទឹកក្រូច។ តំបន់ក្រហមក្រមៅ មានចំនួន៦ ខេត្ត ក្នុងនោះរួមទាំងក្រុងបាងកក, ឈុនបុរី, ឈៀងម៉ៃ និងខេត្តផ្សេងទៀត។ ចំណែកតំបន់ក្រហម មានចំនួន ៤៥ខេត្ត និងតំបន់ទឹកក្រូចមានចំនួន ២៦ខេត្ត។ គ្មានខេត្តថៃណាមួយស្ថិតនៅក្រោមការរឹតត្បិតតិចតួចឡើយ ដោយសារករណីឆ្លងបន្តហក់ឡើងយ៉ាងគំហុក។ 
 
ក្នុងខេត្តក្រុងទាំងអស់ ប្រជាជនត្រូវតែពាក់ម៉ាស់នៅពេលចេញក្រៅ។ ប្រសិនបើបំពានបម្រាមនេះ ជននោះ នឹងរងការពិន័យ ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ ចំណែកសាលារៀន និងកន្លែងកម្សាន្ត ត្រូវបិទទាំងអស់នៅទូទាំងប្រទេស។ 
 
ក្នុងតំបន់ក្រហមក្រមៅ ប្រជាជនត្រូវតែស្នាក់នៅផ្ទះដាច់ខាត លើកលែងតែមានករណីចាំបាច់ ហើយកន្លែងលក់អាហារអាចបើកត្រឹមម៉ោង៩យប់។ ចំណែកនៅក្នុងតំបន់ពណ៌ក្រហម ប្រជាជនត្រូវអនុញ្ញាតឱ្យបរិភោគក្នុងហាង ត្រឹមម៉ោង ៩យប់ និងតំបន់ទឹកក្រូចត្រឹមម៉ោង ១១យប់។ លើសពីនេះ ថៃហាមឃាត់ការលក់ស្រាផងដែរ។  
 
គិតមកត្រឹមថ្ងៃទី២៩ ខែមេសា ថៃមានករណីឆ្លងចំនួន ៦៣៥៧០ករណី និងអ្នកស្លាប់មានចំនួន ១៨៨នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៥៣៩៤នាក់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com