COVID-19
ជាតិ
ភូមិចំនួន ៨ នៅខេត្តកណ្ដាល ត្រូវបានកំណត់ជាតំបន់ក្រហម លឿងទុំ និងលឿង
01, May 2021 , 1:57 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាលបានសម្រេចកំណត់ដាក់ភូមិចំនួន៨ ស្ថិតនៅឃុំចំនួន២ ជាតំបន់លឿង លឿងទុំ និងក្រហម។នេះបើយោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ មេសា ឆ្នាំ​២០២១។



រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ភូមិស្វាយជ្រុំ  ភូមិពង់ទឹក ភូមិត្នោតម្ដើម ភូមិអណ្ដូង នៃឃុំបែកចាន ស្រុកអង្គស្នួល ត្រូវបានកំណត់ជា«តំបន់ក្រហម» ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ ដូច្នេះពលរដ្ឋដែលរស់នៅក្នុងភូមិទាំង៤ខាងលើ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬ ទីសំណាក់បច្ចុប្បន្នឡើយ ដោយរួមទាំង ការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡា នៅខាងក្រៅលំនៅឋាន ឬទីសំណាក់ពួកគេ ។ ប៉ុន្ដែ ការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញ ចូល « តំបន់ក្រហម» ​អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់។

ចំណែកឯ ភូមិភូមិចក ភូមិកម្កោតស្បូវ ភូមិព្រៃបឹង នៃឃុំបែកចាន ត្រូវបានកំណត់ជា«តំបន់លឿងទុំ» ។ ដូច្នេះក្នុងអំឡុងពេលបិទខ្ទប់ នៅក្នុងភូមិទាំង៣នេះ រដ្ឋបាលខេត្តកណ្ដាល បានកំណត់​ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការនៅអាកាសយានដ្ឋាន ត្រូវភ្ជាប់ជាមួយឯកសារអត្តសញ្ញាណ និងលិខិតបញ្ជាបេសកម្ម និងលិខិតអនុញ្ញាតធ្វើដំណើររបស់ស្ថាប័ន ឬអង្គភាពសាមី។

ចំពោះការធ្វើដំណើរ ដែលបានរៀបរាប់ខាងលើនេះ ត្រូវបានអនុញ្ញាតនៅក្នុង «តំបន់លឿងទុំ» និងឆ្លងកាត់ចូល«តំបន់លឿង»  ប៉ុន្ដែការធ្វើដំណើរចេញពី «តំបន់លឿងទុំ» ឆ្លងកាត់ «តំបន់ក្រហម» ឬក្រៅភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានអនុញ្ញាត តែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣ និងប្រការ៦នៃសេចក្តីសម្រេចតែប៉ុណ្ណោះ។ នេះបើតាមប្រការ៤ នៃសេចក្តីជូនដំណឹងនេះ។

រីឯភូមិព្រៃពពេល នៃឃុំពើក ជាភូមិស្ថិតក្នុង«តំបន់លឿង» ពលរដ្ឋរស់នៅភូមិនេះ អាចធ្វើដំណើរ និងប្រកបរបរបានធម្មតា។ ប៉ុន្ដែការធ្វើដំណើរចេញពី « តំបន់លឿង» ឆ្លងកាត់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ដែលត្រូវបានបិទខ្ទប់ ត្រូវបានអនុញ្ញាតក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣ និងប្រការ៦ នៃសេចក្តីសម្រេច។

បើយោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកណ្ដាល នៅត្រង់ប្រការ៨ បានបញ្ជាក់ថា ចំពោះបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ក្នុងភូមិសាស្រ្ត «តំបន់ក្រហម» « តំបន់លឿងទុំ» និង «តំបន់លឿង» នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្ដោះអាសន្ន នូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕




Tag:
 កូវីដ-១៩
  កណ្ដល
  តំបន់
  ក្រហម​
  លឿងទុំ
 លឿង
© រក្សាសិទ្ធិដោយ thmeythmey.com