ជាតិ
សង្គមជាតិ
គម្រោង USAID ព្រៃឡង់បៃតង សង់​ស្ពានអណ្តែតទឹកត​ភ្ជាប់​បណ្តាសហគមន៍នៅ​ស្រុក​សណ្តាន់
01, May 2021 , 10:10 pm        
រូបភាព
 
ភ្នំពេញ៖ ជំនួយសហរដ្ឋអាមេរិក USAID ព្រៃឡង់បៃតង បានរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងសហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគីរីបឹងក្រញ៉ាក ខេត្តកំពង់ធំ ដោយសាងសង់ស្ពានអណ្ដែតទឹក ភ្ជាប់ទៅកាន់ព្រៃសហគមន៍ ដើម្បីជំរុញសក្តានុពលទេសចរណ៍ក្នុងតំបន់នោះ។



កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារជំនួយសហរដ្ឋអាមេរិក USAID ព្រៃឡង់បៃតង បានសាងសង់ស្ពានអណ្ដែតទឹក ភ្ជាប់ពីសហគមន៍អេកូទេសចរណ៍រស្មីភូមិពីរគីរីបឹងក្រញ៉ាក ទៅកាន់ព្រៃសហគមន៍នានាក្នុងតំបន់ ស្ថិតក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ការសាងសង់ស្ពានអណ្ដែតទឹកនេះ ធ្វើឡើងដើម្បីជំរុញផលិតផលទេសចរណ៍ក្នុងសហគមន៍ ក៏ដូចជាការរួមចំណែកបង្កើនកម្រិតជីវភាពពលរដ្ឋ ផ្នែកលើវិស័យទេសចរណ៍ធម្មជាតិដែលមានផងដែរ។

បើតាម USAID ព្រៃឡង់បៃតង ស្ពានអណ្ដែតទឹកនេះ នឹងបង្កើនសោភណ្ឌភាពសម្រាប់ភ្ញៀវទេសចរលើសពីការទស្សនាបឹងប្រវត្តិសាស្រ្ត ប៉ុន្តែអ្នកទេសចរក៏អាចចូលទស្សនាសម្រស់ធម្មជាតិព្រៃសហគមន៍នានា និងសត្វព្រៃនៅទីនោះផងដែរ។ ក្រៅពីនេះ ស្ពានអណ្តែតទឹកក៏ភ្ជាប់អ្នកទេសចរទៅកាន់តូបអណ្តែតទឹក ដែលទើបនឹងសង់រួច សម្រាប់លំហែរអារម្មណ៍ក្រោយដើរកម្សាន្តគយគន់សម្រស់ធម្មជាតិក្នុងព្រៃផងដែរ។

សូមបញ្ជាក់ថា គម្រោង USAID ព្រៃឡង់បៃតង បង្កើតឡើងដើម្បីជំរុញសក្តានុពលអេកូទេសចរណ៍តាមតំបន់ធម្មជាតិឲ្យកាន់តែច្រើន ព្រោះវាជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរកម្សាន្តក្នុងស្រុក និងអាចបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍បន្ថែមទៀតផងដែរ។ ការបង្កើត និងជំរុញផ្នែកអេកូទេសចរណ៍តាមតំបន់ធម្មជាតិ សម្រាប់ពលរដ្ឋអាចរកចំណូលបាននោះ គឺពិតជាសំខាន់ ព្រោះពួកគេនឹងយល់ពីទំនាក់ទំនងនៃការការពារធនធានធម្មជាតិ ហើយលែងប្រព្រឹត្តបទល្មើសដូចជា ការកាប់ព្រៃ នេសាទខុសច្បាប់ និងបរបាញសត្វព្រៃជាដើម។

កន្លងមក គម្រោង USAID ព្រៃឡង់បៃតង នេះ ក៏បានសាងសង់ជណ្ដើរឡើងភ្នំក្នុងសហគមន៍អេកូទេសចរណ៍ ភ្នំជម្រកសត្វ ក្នុងខេត្តស្ទឹងត្រែង ដើម្បីជំរុញផលិតផលទេសចរណ៍ក្នុងស្រុក និងស្តារជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះផង៕


Tag:
 ស្ពានអណ្ដែតទឹក
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com