ជាតិ
សង្គមជាតិ
តើ«ឧបករណ៍សតិអារម្មណ៍»មានតួនាទីសំខាន់ដូចម្តេចខ្លះនៅក្នុងសង្គមមួយ?
03, May 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុងប្រទេសកុំម្មុយនីសមួយចំនួន ថ្នាក់ដឹកនាំខ្លះ ចាត់ទុកអ្នកសារព័ត៌មានមួយចំនួនជា«សត្រូវ» មានន័យថា ក្នុងក្រសែភ្នែករបស់ពួកគេ អ្នកកាសែតនោះ គឺជាអ្នករំខានកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ តែនៅក្នុងសង្គមប្រជាធិបតេយ្យវិញ អ្នកសារព័ត៌មានទូទៅត្រូវបានគេចាត់ទុកថា ជាដៃគូអភិវឌ្ឍ ជាអ្នកឃ្លាំមើលសង្គម ជាអ្នកសង្កេតការណ៍សង្គម ឬជាកញ្ចក់សម្រាប់ឆ្លុះមន្ត្រីខូចដើម្បីឲ្យពួកគេដុសក្អែលចេញ។ ម្យ៉ាងទៀត សារព័ត៌មានដែលជាអំណាចទី៤ ត្រូវបានគេចាត់ទុកជាឧបករណ៍សតិអារម្មណ៍ ឬជាឧបករណ៍គ្រប់គ្រងមតិមហាជន ឬជាឧបករណ៍សម្រួចមតិសាធារណៈដ៏មានសារៈសំខាន់បំផុត។ តើសារព័ត៌មានមានតួនាទីសំខាន់អ្វីខ្លះនៅក្នុងសង្គមមួយ? 


 
នៅក្នុងសង្គមប្រជាធិបតេយ្យ ឬមិនប្រជាធិបតេយ្យ រដ្ឋាភិបាលតែងតែរក្សាកញ្ចប់ថវិកាជាតិមួយចំនួនសម្រាប់ទុកអោយសារព័ត៌មានរបស់រដ្ឋ។ ឧទាហរណ៍ជាក់ស្តែង គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុបារាំងអន្តរជាតិ ជាដើម។ សារព័ត៌មានពីរនេះ ទទួលបានថវិកាពីរដ្ឋមែន តែសារព័ត៌មានទាំងនេះ មានភារកិច្ច និងតួនាទីឯករាជ្យក្នុងកម្រិតណាមួយដើម្បីអាចសរសេររិះគន់ ឬសរសើររដ្ឋាភិបាលរដ្ឋាភិបាលរបស់ខ្លួនទៅតាមការពិតជាក់ស្តែងដោយគោរពតាមវិជ្ជាជីវៈសារព័ត៌មាន។
 
រដ្ឋាភិបាលផ្តល់ថវិកាដល់សារព័ត៌មានរដ្ឋមែន តែរដ្ឋាភិបាលអាច«គ្មានសិទ្ធិ» និង«គ្មានឥទ្ធិពល»លើសារព័ត៌មានទាំងនោះឡើយ។ និយាយអោយសាមញ្ញ តាមបែបផ្សេង គឺថា មិនមែនផ្តល់ហិរញ្ញវត្ថុហើយ សារព័ត៌មានទាំងនោះ ក្លាយទៅជាឧបករណ៍នយោបាយដាច់ថ្លៃនោះទេ។ 
 
អ្នកសារព័ត៌មានរដ្ឋទាំងនោះ មិនធ្វើការបម្រើរដ្ឋាភិបាលទេ តែធ្វើការបម្រើប្រជាពលរដ្ឋរបស់ពួកគេ ពីព្រោះ ថវិកាសម្រាប់ដំណើរការសារព័ត៌មានរដ្ឋទាំងនោះ មើលទៅហាក់បីដូចជាថវិកាចេញពីរដ្ឋមែន តែតាមពិត ប្រភពរបស់វាបានមកពីការបង់ពន្ធរបស់ពលរដ្ឋទៅវិញទេ។ ដូច្នេះ ត្រឡប់មកវិញ សារព័ត៌មានជារបស់រដ្ឋមែន តែត្រូវតែបម្រើមហាជនដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ និយាយអោយខ្លី មានន័យថា ពលរដ្ឋជួលអ្នកសារព័ត៌មានអោយតាមឃ្លាំមើលការគ្រប់គ្រងរដ្ឋទាំងមូលដើម្បីអោយប្រាកដថា វាដំណើរការត្រឹមត្រូវឬទេ? តើមន្ត្រីរាជការរដ្ឋាភិបាលមានធ្វើអំពើផ្តេសផ្តាសឬទេ? 
 
នៅក្នុងសង្គមសេរី មន្ត្រីភាគច្រើនបានយល់ច្បាស់ថា ពួកគេគឺជាមន្ត្រីសាធារណៈដែលត្រូវបម្រើផលប្រយោជន៍ពលរដ្ឋ ដូច្នេះ រាល់កិច្ចការរបស់រដ្ឋត្រូវតែបង្ហាញជូនអ្នកកាសែត ហើយអ្នកកាសែតត្រូវរាយការណ៍បន្តជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ អ្នកកាសែតមិនមែនជាអ្នករុកគួនមន្ត្រីទេ តែពួកគេធ្វើការក្នុងតួនាទីដើម្បីបម្រើពលរដ្ឋដែលចង់ដឹងពីសកម្មភាពរបស់មន្ត្រីរដ្ឋាភិបាលទាំងនោះ។ 
 
ឧទាហរណ៍ថា នៅពេលដែលចៅហ្វាយខេត្តមួយចង់វិនិយោគបើកកាស៊ីណូមួយកន្លែងនៅក្នុងខេត្តរបស់គាត់ ប្រជាពលរដ្ឋចង់ដឹងពីគម្រោងកាស៊ីណូនោះ។ តើមូលហេតុអ្វីបានជាលោកចៅហ្វាយខេត្តមានបំណងឬសម្រេចសាងសង់កាស៊ីណូ? តើអ្វីខ្លះជាផលប្រយោជន៍សម្រាប់ខេត្ត និងសង្គមទាំងមូល? តើអ្វីខ្លះជាផលប៉ះពាល់ដល់សង្គម? 
 
សំណួរទាំងអស់នេះ មិនមែនអ្នកកាសែតចង់ដឹងទេ តែមហាជនជាអ្នកចង់ដឹង ហើយដើម្បីអោយមហាជនដឹងបាន គឺត្រូវឆ្លងកាត់ស្ពានដែលជាអាជីពសារព័ត៌មាននេះឯង។ ត្រង់ចំណុចឧទាហរណ៍ខាងលើនេះ នៅក្នុងសង្គមសេរី អភិបាលខេត្តមិនអាចគិតថា នេះជារឿងផ្ទៃក្នុង ឬនេះជារឿងឯកជនបានឡើយ។ ម្យ៉ាងទៀត ចៅហ្វាយខេត្តក៏មិនអាចបដិសេធការបង្ហាញព័ត៌មាននេះបានឡើយ។ លើសពីនេះទៅទៀត ប្រសិនបើប្រទេសណាមួយមានច្បាប់ស្តីពីសិទ្ធិក្នុងការទទួលព័ត៌មានទៀតនោះ នោះ មន្រ្តីសាធារណៈត្រូវតែផ្តល់ព័ត៌មានជូនមហាជនជាកំហិតលើកលែងតែព័ត៌មានសម្ងាត់មួយចំនួនចេញ។ 
 
នៅក្នុងសង្គមប្រជាធិបតេយ្យដដែល មន្ត្រីជាន់ខ្ពស់មិនសូវមានគំនិតគិតថា ត្រូវតែគេចមុខពីអ្នកកាសែតទេ ពីព្រោះ នៅពេលដែលពួកគេកាន់តំណែងខ្ពស់ ជាលក្ខណៈស្វ័យប្រវត្តិ ពួកគេត្រូវតែឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលជាសាវ័ករបស់ប្រជាពលរដ្ឋ។ ប្រសិនបើមន្ត្រីជាន់ខ្ពស់ មិនចង់អោយអ្នកសារព័ត៌មានរំខាន លុះត្រាតែមន្ត្រីរូបនោះ កុំស្ថិតនៅក្នុងតំណែងជាន់ខ្ពស់ដែលទទួលបានការគាំទ្រពីរាស្ត្រ។ ម្យ៉ាងទៀត មន្ត្រីដែលរអានឹងអ្នកសារព័ត៌មានមន្ត្រីរូបនោះអាចមានភាពអាថ៌កំបាំង។ 
 
រាស្ត្រអាចផ្តល់តំណែងជូនមន្ត្រីជាន់ខ្ពស់បាន តែត្រឡប់មកវិញ មន្ត្រីជាន់ខ្ពស់មិនអាចលាក់បាំងសកម្មភាពរបស់ខ្លួនដែលត្រូវបម្រើរាស្ត្រឡើយ។ តម្លាភាពនៅក្នុងទីងងឹត គឺជារឿងអាថ៌កំបាំងនិងជារឿងគួរអោយសង្ស័យ។ 
 
សរុបសេចក្តីមក នៅក្នុងសង្គមមួយ មិនថា ជាសង្គមប្រជាធិបតេយ្យ ឬជាសង្គមពាក់កណ្តាលសេរី ឬជាសង្គមនិយម ឬជាសង្គមកុំម្មុយនីសក៏ដោយ សារព័ត៌មានមានតួនាទីមិនអាចកាត់ថ្លៃបានក្នុងការរួមចំណែកអភិវឌ្ឍប្រទេសមួយអោយដើរនៅលើផ្លូវយុត្តិធម៌ ស្អាតស្អំ គ្មានអំពើពុករលួយ គ្មានគំនិតបក្សពួកនិយម មានសីលធម៌ល្អ។ល។ 
 
ផ្អែកនៅលើទិដ្ឋភាពជាក់ស្តែងរបស់សង្គមមួយ វាតែងតែមានហើយមនុស្សល្អ និងអាក្រក់។ អ្នកកាសែត ក្នុងតួនាទី និងមសិការរបស់ខ្លួន ត្រូវចូលរួមលើកស្ទួយកិត្តិយសបុគ្គលគំរូ តែតាមប្រមាញ់បុគ្គលអាក្រក់។ តាមរយៈការតាមប្រមាញ់នេះហើយ ដែលអាចធ្វើអោយសង្គមមួយដែលធ្លាប់មានមនុស្សអាក្រក់ច្រើន កែខ្លួនទៅជាមនុស្សល្អច្រើនវិញ។ មិនត្រឹមតែប៉ុណ្ណោះ សារព័ត៌មាន គឺជាវេទិការចែកចាយផ្លាស់ប្តូរព័ត៌មាន, វេទិកាអប់រំ ដូចករណីកូវីដ-១៩, បណ្តុះគំនិតបញ្ញាពិចារណា និងជាទីកន្លែងកម្សាន្តអារម្មណ៍ជាដើម។ 
 
វត្តមានសារព័ត៌មាននៅក្នុងសង្គមមួយអាចជួយជំរុញអោយមនុស្សល្អ រឹតតែចង់ធ្វើល្អតាមរយៈការចុះផ្សាយលើកទឹកចិត្ត និងកាត់បន្ថយចំនួនមនុស្សដែលធ្វើអំពើអាក្រក់ តាមរយៈការចុះផ្សាយបែបរិះគន់ស្ថាបនាជាដើម។ គ្មានវត្តមានសារព័ត៌មានអាជីព ប្រទេសនេះ ឬនោះ  រីកចម្រើនយឺត និងពោរពេញទៅដោយភាពមិនប្រក្រតី។ ផ្ទុយទៅវិញ ក្នុងប្រទេសមួយដែលមានសារព័ត៌មានសម្បូរបែប ប្រទេសនេះ ឬនោះ អភិវឌ្ឍលឿនបំផុត។ «អ្នកសារព័ត៌មានមិនមែនជា[សត្រូវ]នៃសង្គមទេ តែជាដៃគូ[អភិវឌ្ឍន៍]»៕ 
បញ្ជាក់៖ ថ្ងៃទី៣ខែឧសភាឆ្នាំ២០២១នេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោមប្រធានបទ៖«ព័ត៌មាន គឺជាផលប្រយោជន៍ ឬទ្រព្យសម្បតិ្តសាធារណៈ។ 
 
 

Tag:
 សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com