COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Neymar ក្នុងចំណោមកីឡាករអាមេរិកខាងត្បូង ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់
04, May 2021 , 1:50 pm        
រូបភាព
ដោយ: រួបរួម
Lionel Messi និង Neymar ស្ថិតក្នុងចំណោមកីឡាករបាល់ទាត់អាមេរិកខាងត្បូង និងមន្ត្រីរាប់ពាន់នាក់ដែលនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ផ្តល់ដោយក្រុមហ៊ន Sinovac Biotech របស់ចិន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ។

 
វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥ម៉ឺនដូស បានទៅដល់ក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរូហ្គាយកាលពីពេលថ្មីៗកន្លងមកនេះ ហើយត្រូវបានបែកចែកទៅកាន់សមាជិកទាំង១០របស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ដែលត្រូវចូលរួមប្រកួតពានរង្វាន់ Copa America។
 
«សូមអរគុណ ក្រុមហ៊ុន Sinovac Biotech Ltd សម្រាប់កាយវិការសាមគ្គីភាព និងការយល់ពីគុណតម្លៃសង្គម និងវប្បធម៌ដ៏សម្បីមនៃកីឡាបាល់ទាត់តាមបណ្តាប្រទេសក្នុងទ្វីបរបស់យើងខ្ញុំ»។ នេះជាការលើកឡើងរបស់លោក Alejandro Dominguez ប្រធាន CONMEBOL នៅលើបណ្តាញសង្គម Twitter។
 
CONMEBOL បានអះអាងថា កម្មវិធីចាក់វ៉ាក់សាំងនឹងផ្តល់អាទិភាពដល់ក្រុមជម្រើសជាតិ និងអ្នកបម្រើការក្នុងព្រឹត្តិការណ៍ Copa America ក្នុងប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ខាងមុខ មុននឹងបន្តចាក់ដល់ក្រុមជម្រើសជាតិ និងឈុតផ្សេងៗទៀត។
 
ខ្សែប្រយុទ្ធអាហ្សង់ទីន Messi នៃក្លិប Barcelona និងខ្សែប្រយុទ្ធប្រេស៊ីល Neymar នៃក្លិប Paris Saint-Germain គឺជាកីឡាករឆ្នើមដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ ហើយស្ថិតក្នុងចំណោមកីឡាករដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ទៅតាមគោលករណ៍របស់ CONMEBOL។
 
ព្រឹត្តិការណ៍ Copa America លើកទី៤៧ ដំបូងឡើយ ត្រៀមរៀបចំនៅឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកពេលដោយសារកូវីដ-១៩។ សម្រាប់ជំនួបពូល A អាហ្សង់ទីនធ្វើជាម្ចាស់ផ្ទះទទួលបូលីវី អ៊ុយរូហ្គាយ ស៊ីលី និងប៉ារ៉ាហ្កាយ រីឯពូល B កូឡុំប៊ី ស្វាគមន៍ប្រេស៊ីល វេណេស៊ុយអេឡា អេក្វាឌ័រ និងប៉េរូ៕
 
 
 

Tag:
 វ៉ាក់សាំង
  CONMEBOL
© រក្សាសិទ្ធិដោយ thmeythmey.com