ខេត្តបន្ទាយមានជ័យត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព
ជាតិ
សង្គមជាតិ
ខេត្តបន្ទាយមានជ័យត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព
04, May 2021 , 2:37 pm        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រូបភាពពីរដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែឧសភា បានកំណត់ខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីទប់ស្កាត់ និង គ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ។

 
ក្រសួងសុខាភិបាល បានបញ្ជាក់ថា វិធានការពាក់ម៉ាស់ និងរក្សាគម្លាត ត្រូវអនុវត្តរហូតដល់ថ្ងៃជូនដំណឹងសាជាថ្មី។ 
 
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ដូច្នេះថា៖«ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ មីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍»។
 
បើតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។ ចំណែកបុគ្គលដែលមិនរក្សាគម្លាតសុវត្ថិភាព ក៏រងការពិន័យដូចគ្នាដែរ។
 
កន្លងមកក្រសួងសុខាភិបាលក៏បានកំណត់ភូមិសាស្ត្រ ក្នុងខេត្តចំនួន៥ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពផងដែរ។ ខេត្តទាំងនោះមានដូចជា រាជធានីភ្នំពេញ ព្រៃវែង កណ្តាល ព្រះសីហនុ និងសៀមរាប។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៥៣៦១ករណី ក្នុងនោះ ១៤៨០៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមានចំនួន ៥៤៣០នាក់។ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៩៨១៨នាក់៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com