អន្តរជាតិ
អាមេរិក និងអង់គ្លេសស្នើប្រទេស G7 រួមគ្នាដើម្បីតទល់ការគំរាមរបស់ចិននិងរុស្ស៊ី
04, May 2021 , 5:59 pm        
រូបភាព
ដោយ៖ ជា ពេជ្រដាឡែន 
 
ប្រមុខការទូតអាមេរិក និងអង់គ្លេស នៅថ្ងៃទី៣ ខែឧសភា បានស្នើឱ្យប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) រួមគ្នាដើម្បីតទល់នឹងការគំរាមរបស់ចិន និងរុស្ស៊ី។ គោលដៅរបស់អាមេរិក និងអង់គ្លេស គឺការការពារសណ្ដាប់ធ្នាប់អន្តរជាតិ និងការគោរពច្បាប់ដែលកំពុងរងការគំរាមដោយសារសកម្មភាពរបស់ចិន និងរុស្ស៊ី។

  
 
លោក អាន់តូនី ប្ល៊ីងខិន ប្រមុខការទូតអាមេរិក បានជួបជាមួយសមភាគីអង់គ្លេស លោក ដូមីនិក រ៉ាប់ នៅថ្ងៃទី៣ ខែឧសភា មុនជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសរីកចម្រើនទាំង៧ (G7) ដែលអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ នាសន្និសីទសារព័ត៌មានក្រោយជំនួប ប្រមុខការបរទេសទាំងពីរ បានជំរុញឱ្យប្រទេស G7 ពង្រីកតួនាទីរបស់ខ្លួនដើម្បីអាចតទល់សកម្មភាពរបស់ចិន និងរុស្ស៊ី ដែលកំពុងបង្កការគំរាមលើគុណតម្លៃប្រជាធិបតេយ្យ និងការគោរពច្បាប់អន្តរជាតិ។ 
 
លោក រ៉ាប់ ប្រាប់អ្នកសារព័ត៌មានថា លោកមើលឃើញពីភាពបន្ទាន់ និងភាពចាំបាច់របស់ប្រទេស G7 ដែលមានគុណតម្លៃដូចគ្នា និងចង់ការពារប្រព័ន្ធពហុភាគីនិយម។ ដោយហេតុនេះ ប្រមុខការទូតអង់គ្លេសរូបនេះបន្ថែមថា ទើបអង់គ្លសអញ្ជើញអូស្ត្រាលី កូរ៉េខាងត្បូង ឥណ្ឌា និងអាហ្វ្រិកខាងត្បូងឱ្យចូលរួមជំនួបឆ្នាំ២០២១ ព្រោះប្រទេសទាំងនេះ មានគំនិតដូចគ្នាដែលអាចដោះស្រាយបញ្ហាបាន។ 
 
ចំណែកលោក ប្ល៊ីងខិន វិញ បញ្ជាក់ថា គោលដៅរបស់លោកខាងលិច មិនមែនដើម្បីទប់ស្កាត់ចិនមិនឱ្យរីកចម្រើនឡើយ តែជាការការពារសណ្ដាប់ធា្នប់អន្តរជាតិដែលរងការយាយីដោយទង្វើរបស់ចិន និងរុស្ស៊ី។ រដ្ឋមន្រ្តីការបរទេសអាមេរិកបន្តទៀតថា នៅពេលដែលប្រទេសណាមួយ មិនថាចិន ឬប្រទេសផ្សេង ធ្វើសកម្មភាពដែលប៉ះពាល់គោលការណ៍នេះ អាមេរិក នឹងមិននៅស្ងៀមឡើយ។ 
 
ទាក់ទងទំនាក់ទំនងជាមួយរុស្ស៊ី លោក ប្ល៊ីងខិន លើកឡើងថា អាមេរិកចង់បានទំនាក់ទំនងមួយដែលមានស្ថិរភាព ប៉ុន្តែអ្វីៗអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ។ ត្រង់នេះ លោកសង្កត់ធ្ងន់ថា ប្រសិនបើរុស្ស៊ីដើរទៅទិសនោះ (ទំនាក់ទំនងល្អ) អាមេរិក នឹងដើរទៅទិសនោះដែរ។ ឯលោក រ៉ាប់ វិញ និយាយថា ទ្វារការទូតនៅតែបើកចំហដដែ។ 
 
សូមបញ្ជាក់ថា ជំនួប G7 នឹងធ្វើឡើងនៅថ្ងៃទី ៤ និងទី៥ ខែឧសភា នៅទីក្រុងឡុងដ៍។ បញ្ហារបស់ពិភពលោកជាច្រើនដូចជា ការការពារសង្គមប្រជាធិបតេយ្យ វិបត្តិនៅមីយ៉ាន់ម៉ា លីប៊ី និង ស៊ីរី រុស្ស៊ី និងចិនជាដើម ទំនងជារបៀបវារៈសំខាន់៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com