អ្នកពាក់ព័ន្ធនឹងករណីកូវីដ-១៩ ក្នុងស្រុកបាទី ខេត្តតាកែវ ជាង២ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក
COVID-19
ជាតិ
អ្នកពាក់ព័ន្ធនឹងករណីកូវីដ-១៩ ក្នុងស្រុកបាទី ខេត្តតាកែវ ជាង២ពាន់នាក់ កំពុងធ្វើចត្តាឡីស័ក
04, May 2021 , 5:52 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលស្រុកបាទី ខេត្តតាកែវ
រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលស្រុកបាទី ខេត្តតាកែវ
តាកែវ៖ ករណីវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់ បានរកឃើញនៅខេត្តតាកែវ ដែលបណ្ដាលឱ្យ ចំនួនបណ្ដោះអាសន្ន អ្នកកើតជំងឺនេះកើនដល់៤៨នាក់ ក្នុងស្រុកបាទី។ ទន្ទឹមនឹងការកើនឡើងអ្នកវិជ្ជមាន មកដល់បច្ចុប្បន្នក្នុងស្រុកបាទី មានអ្នកធ្វើចត្តាឡីស័កជាង២ពាន់នាក់ ក្នុងមណ្ឌលចត្តាឡីស័ក ចំនួន១៦ទីតាំង។




រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានបន្ថែមមណ្ឌលចត្តាឡីស័កក្នុងភូមិសាស្ត្រស្រុកខ្លួន បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ក្នុងរោងចក្រផ្សារ និងតាមភូមិមួយចំនួន។ ក្នុងឃុំមួយ អាចមានមណ្ឌលចត្តាឡីស័ក ១ ឬ ២ឡើងទៅដើម្បីត្រៀ ឱ្យអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ធ្វើចត្តាឡីស័ក។

លោក ភួន ឈីម អភិបាលស្រុកបាទីប្រាប់សាព័ត៌មានThmeyThmey25 តាមទូរស័ព្ទដូច្នេះថា៖ « សរុបជារួមទាំងបងប្អូនប្រជាពលរដ្ឋទាំងកម្មករ មានអ្នកធ្វើចត្តាឡីស័កជាង ២ពាន់នាក់
និងមានអ្នកធ្វើចត្តាឡីស័កនៅផ្ទះមួយផ្នែកទៀត» ។


 មណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាត្រាំខ្នារ ក្នុងស្រុកបាទី។

ដោយមានការកើនឡើងអ្នកកើតជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធមានចំនួនច្រើនរដ្ឋបាលស្រុកបាទី បានសម្រេចឱ្យបិទរោងចក្រចំនួន៤ ផ្សារចំនួន១ និងភូមិមួយចំនួនទៀត។
 
ពាក់ព័ន្ធជាមួយការបិទខ្ទប់ផ្សារត្រាំខ្នារ រដ្ឋបាលស្រុក មិនទាន់មានគម្រោងរៀបចំឱ្យមានការលក់បន្លែសាច់នោះទេ។ លោក ភួន ឈីម អះអាងថា ការបិទខ្ទប់នេះ គ្រាន់តែជាផ្នែកតូច ព្រោះមានផ្សារផ្សេងទៀតនៅបន្តបើកដំណើរការធម្មតា។
 
គិតមកដល់ពេលនេះ ក្នុងស្រុកបាទីមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៨នាក់។ នេះបើតាមការផ្ដលទិន្នន័យបណ្ដោះអាសន្នពីអភិបាលស្រុកបាទី។គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ៣ខែឧសភា ក្នុងខេត្តតាកែវមានអ្នកវិជ្ជមាន កូវីដ-១៩ សរុប ១២៧នាក់ក្នុងនោះជាសះស្បើយចំនួន ចំនួន ២៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៩៨នាក់៕


 ការបិទខ្ទប់ផ្សារត្រាំខ្នារ នៅល្ងាចថ្ងៃទី ១ ឧសភា។
 
 

Tag:
 ThmeyThmey25
  ភួន ឈីម
 បាទី
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com