COVID-19
ជាតិ
ពលរដ្ឋខ្មែរ១៥ភាគរយហើយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩
05, May 2021 , 10:39 am        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម។ រូបថត៖ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម។ រូបថត៖ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
កម្ពុជាមានពលរដ្ឋសរុប១,៥១៥,៤៤៧នាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (COVID-19)។ នេះបើយោងតាមតួលេខផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី៥ឧសភា។ ចំនួននេះស្មើនឹងប្រមាណ១៥ភាគរយ នៃពលរដ្ឋសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំង ខណៈរដ្ឋាភិបាលកំពុងសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺនេះ ដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម រាជធានីភ្នំពេញ។

 
ត្រឹមរយៈពេល៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានមនុស្ស ចំនួន១៤៧,២១៨នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្នុងចំណោមពលរដ្ឋនៅតំបន់ក្រហមដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺមានស្ត្រីជិត៧,៧ម៉ឺននាក់។
 
ក្រសួងការពារជាតិ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឱ្យពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី១ឧសភា ឆ្នាំ២០២១មក។ តាមផែនការ ក្រសួងការពារជាតិ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់ក្រហមឱ្យបានរួចរាល់នៅអំឡុងខែឧសភានេះ។ សម្រាប់រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ បានបោះទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ផ្សេងៗគ្នា នៅក្នុងខណ្ឌទាំង៤ខាងលើ ដែលស្ថិតនៅក្នុងតំបន់ក្រហម ដោយប្រជាពលរដ្ឋប្រមាណ៥២ម៉ឺននាក់កំពុងស្នាក់នៅ។ 
 
តាមរយៈសារជាសំឡេងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី៥ឧសភានេះ  បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់បន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទីមួយដល់ពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ឱ្យបានប្រមាណ៥២ម៉ឺននាក់ ខណៈវ៉ាក់សាំងចំនួន១លានដូសទៀត នឹងមកដល់កម្ពុជានៅពាក់កណ្តាលនៅឧសភា ឆ្នាំ២០២១។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំង១លានដូសនេះ មាន៥០ម៉ឺនដូស មកដល់កម្ពុជានៅថ្ងៃទី១១ឧសភា និង៥០ម៉ឺនដូសទៀត នឹងមកដល់នៅថ្ងៃទី១៥ឧសភា ខាងមុខនេះ។ 
 
បើតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ប្រសិនបើយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅតំបន់ក្រហម បានបញ្ចប់តាមផែនការនោះ ចំនួនពលរដ្ឋកម្ពុជាដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងកើនឡើងដល់២០ភាគរយ ក្នុងចំណោមពលរដ្ឋសរុប៕
 

Tag:
 សុខភាព៖ COVID-19
  តំបន់ក្រហម
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com